(ភ្នំពេញ)៖ អ្នកជំនួញអចលនទ្រព្យអាមេរិក បានសម្ដែងការភ្ញាក់ផ្អើល ចំពោះភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជា ពិសេសវិស័យអចលនទ្រព្យ ដែលមានអាគារស្កឹមស្កៃរីកស្គុសស្គាយ និងសំណង់លំនៅឋានប្រណិតៗពេញទីក្រុង ដែលពិភពលោក ពិសេសប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសគួរដឹងពីភាពអស្ចារ្យនេះ ។

នេះបើតាមការលើកឡើងរបស់លោក Joe Lam ប្រធានក្រុមហ៊ុន Azura Holding ដែលជាក្រុមហ៊ុនអចលនាទ្រព្យរបស់ជនជាតិអាស៊ី កំពុងរកស៊ីនៅសហរដ្ឋអាមេរិក បន្ទាប់ពីលោកបានចុះហត្ថលេខាជាមួយលោកឧកញ៉ាបណ្ឌិត គីម ហ៊ាង ម្ចាស់គម្រោងបុរីវិមានសំណាង លើអនុស្សារណៈយោគយល់គ្នា(MOU) និងកិច្ចសន្យាភ្នាក់ងារលក់រវាងភាគីទាំងពីរ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដើម្បីនាំយកគម្រោងដ៏ធំនេះ ទៅកាន់ទីផ្សារអាមេរិក ។

អ្នកជំនួញអាមេរិករូបនេះបានបញ្ជាក់ថា មូលហេតុលោកសម្រេចចិត្តសហការជាមួយគម្រោងអចលនទ្រព្យនៅកម្ពុជា ព្រោះលោកចង់បង្ហាញពីសមត្ថភាព និងការអភិវឌ្ឍដ៏អស្ចារ្យនៅកម្ពុជាទៅកាន់ពិភពលោក បន្ទាប់ពីលោកបានសិក្សាស្រាវជ្រាវប្រទេសកម្ពុជា អស់រយៈពេលជាង ១០ឆ្នាំ ជាក់ស្ដែងកំឡុងវិបត្តិកូវីដ-១៩ ដែលលោកបានពិនិត្យឃើញស្ថានភាពផ្ទាល់នៅទីនេះ ។

លោក Joe Lam បន្ដថា «ក្រោយបញ្ចប់វិបត្តិកូវីដ ខ្ញុំក៏បានជួបជាមួយម្ចាស់គម្រោងលោកបណ្ឌិត គីម ហ៊ាង ហើយខ្ញុំពិតជាភ្ញាក់ផ្អើល និងសប្បាយចិត្តជាមួយគម្រោងរបស់គាត់ ហើយក៏បានសម្រេចចិត្តយកគម្រោងរបស់គាត់ ទៅបង្ហាញឲ្យពិភពលោកដឹង ពិសេសប្រជាជនខ្មែរដែលរស់នៅក្រៅប្រទេស ព្រោះប្រទេសខ្មែរ គឺជាប្រទេសមួយដ៏ស្រស់ស្អាត ។ អ៊ីចឹងខ្ញុំចង់ឲ្យពិភពលោកបានដឹងថា ប្រទេសខ្មែរ គឺអស្ចារ្យប៉ុណ្ណា»

ទន្ទឹមជាមួយគ្នាលោកបណ្ឌិត គីម ហ៊ាង បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ក្នុងការចាប់ដៃជាមួយក្រុមហ៊ុនអចលនទ្រព្យដ៏ធំខាងលើ ស្របតាមចក្ខុវិស័យរបស់ខ្លួន ដែលចង់នាំវិស័យអចលនទ្រព្យកម្ពុជាទៅកាន់ទីផ្សារពិភពលោក និងនាំពិភពលោក មកកម្ពុជា ។ ដូច្នេះនេះគឺជាជំហានថ្មីមួយ ក្នុងការដោះដូរការទិញលក់គ្នា រវាងកម្ពុជា និងអាមេរិក ដែលនឹងជំរុញផែនការអភិវឌ្ឍគម្រោងលំនៅឋានរបស់ខ្លួនជាបន្ដបន្ទាប់ទៀត នាថ្ងៃអនាគត ។

លោកបន្ដថា «ផែនការយើងតាំងពីដើម ដែលយើងមិនដែលកែប្រែ គឺយើងតែងតែទាក់ទាញឲ្យបរទេសយកលុយមកស្រុកខ្មែរ គ្រប់វិធីដែលយើងអាចធ្វើបាន ហើយត្រឹមត្រូវ គឺយើងតែងព្យាយាមធ្វើយ៉ាងម៉េចឲ្យបរទេសយកលុយចូលមកកម្ពុជា។ អ៊ីចឹងថ្ងៃនេះ គឺជាដំណាក់កាលថ្មីមួយទៀត នូវអ្វីដែលយើងធ្លាប់ធ្វើ គឺយើងចុះហត្ថលេខាជាមួយ Azura Holding គាត់នឹងជួយផ្សព្វផ្សាយលក់បុរីវិមានសំណាង ទៅឲ្យជនជាតិអាមេរិក ដែលកំពុងរស់នៅអាមេរិក ហើយមានប្រភពដើមជាជនជាតិអាស៊ី»