​(ភ្នំពេញ)៖ កន្លងមកអ្នករកស៊ីក្នុងវិស័យស្រូវអង្ករ តែងតែលើកឡើងពីបញ្ហាខ្វះទុន និងការពិបាកក្នុងការទទួលបានឥណទាន ដែលធ្វើឱ្យពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការប្រមូលទិញស្រូវសម្រាប់ស្តុកទុក និងកែច្នៃជាអង្ករសម្រាប់នាំចេញ។

ដើម្បីជំរុញឱ្យការទទួលបានឥណទាន របស់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករកាន់តែងាយស្រួល និងមានទំហំសមល្មម សាជីវកម្មធានាឥណទានកម្ពុជា (CGCC) បានដាក់នូវគម្រោងធានាឥណទាន សម្រាប់ការនាំចេញអង្ករ (REGS) ដើម្បីជួយឱ្យម្ចាស់រោងម៉ាស៊ីនកិនស្រូវ មានលទ្ធភាពពង្រីកវិសាលភាពរបស់ខ្លួន ក្នុងការប្រមូលស្រូវស្តុកសំរាប់កិនកែច្នៃនាំចេញ បង្កើត និងបង្កើននូវផលិតផលតម្លៃបន្ថែម នៅក្នុងស្រុក។

លោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា ការផ្តល់នូវការធានាឥណទាន សម្រាប់វិស័យស្រូវអង្ករ គឺពិតជា​មានសារៈសំខាន់ ព្រោះវិស័យស្រូវអង្ករ គឺ​ជាវិស័យដ៏មានសក្តានុពលរបស់កម្ពុជា ដែលទទួលបានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល​ ហើយការដាក់ចេញនូវគម្រោងនេះ គឺជាការបើកផ្លូវសម្រាប់អ្នកជំនួញក្នុងវិស័យនេះ ឱ្យងាយទទួលបានហិរញ្ញប្បទាន។

​លោកមានប្រសាសន៍ថា ដោយសារហានិភ័យក្នុងវិស័យស្រូវអង្ករ បានធ្វើឱ្យធនាគារពាណិជ្ជមួយចំនួនមិនហ៊ានសម្រេចចិត្ត ក្នុងការផ្តល់ឥណទាន ដល់អ្នករកស៊ីក្នុងវិស័យស្រូវអង្ករនោះទេ។ តែយ៉ាងនេះក្តី ​តាមរយៈគម្រោងដែលមានការសហការជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុចំនួន៧ នឹងអាច​ស្វែងរកដំណោះស្រាយបាន។​

លោកលើកឡើងថា បើតាមការសិក្សារបស់សហព័ន្ធស្រូវអង្ករកម្ពុជា តម្រូវការហិរញ្ញប្បទានបន្ថែម សម្រាប់ការគាំទ្រដល់ការនាំចេញអង្ករ យ៉ាងហោចណាស់ប្រមាណជា ១២០លានដុល្លារ។ ​តែយ៉ាងណាក្នុងដំណាក់កាលទី១នេះ គម្រោងធានាឥណទានសម្រាប់ការនាំចេញស្រូវអង្ករ​ ​មានទំហំទឹកប្រាក់សរុប ៣០លានដុល្លារ​។ លោកថា ពិតណាស់គម្រោង ៣០លានដុល្លារនេះនៅតូច ខណៈតម្រូវការធំរហូតដល់ ១២០លានដុល្លារ ដូច្នេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តគាំទ្រដល់គម្រោងពង្រីក​វិសាលភាពនៃធានាឥណទាននេះបន្តទៀត ផ្អែកលើតម្រូវការជាក់ស្តែង និងសមត្ថភាពស្រូបទៅលើសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។​

បើតាមលោករដ្ឋលេខាធិការ ​​សម្រាប់ក្រុមហ៊ុនកែច្នៃនាំចេញអង្ករ និងម្ចាស់រោងម៉ាស៊ីន អាចមានលទ្ធភាពខ្ចីអតិបរមារហូតដល់ ៣លានដុល្លារ ដោយ CGCC នឹងផ្តល់ការធានា ៨០%នៃទំហំកម្ចីសរុប។

លោកគូសបញ្ជាក់ថា ទំហំកម្ចីអតិបរមា ៣លានដុល្លារនេះ គឺជាទំហំសមស្របសម្រាប់ក្រុមហ៊ុនកែច្នៃនាំចេញ និងម្ចាស់រោងម៉ាស៊ីនយកទៅពង្រីកវិសាលភាពអាជីវកម្មរបស់ខ្លួន។ លោកសង្ឃឹមថា កិច្ចការនេះនឹងរួមចំណែកដល់ការសម្រេចគោលដៅ នៃគោលនយោបាយនាំចេញស្រូវអង្ករ ១លានតោនរបស់រាជរដ្ឋាភិបាល ។

លោកជំរុញលើកទឹកចិត្តដល់ការបញ្ចេញថវិកា ៣០លាននេះឱ្យបានលឿន​ និងជំរុញឱ្យ​ក្រុមហ៊ុននាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ​ ប្រើប្រាស់ឥណទាននេះ ឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ ហើយត្រូវប្រើប្រាស់ឱ្យចំទិសដៅជាទុនបង្វិលក្នុងរយៈពេលខ្លី ក្នុងការប្រមូលទិញស្រូវ សម្រាប់ផលិតអង្ករនាំចេញ ដើម្បីផ្តល់ផលប្រយោជន៍ដល់ការនាំចេញអង្ករ។

​លោកស្រី សាន សុខរីណា ប្រធានការិយាល័យអភិវឌ្ឍន៍ផលិតផល និងសហប្រតិបត្តិការរបស់ CGCC បានឱ្យដឹងថា សម្រាប់អ្នកដែលទទួលឥណទាន ដោយមានការ​ធានានេះ គឺប្រភេទអាជីវកម្មដែលមានម្ចាស់ភាគហ៊ុនជាសញ្ញាតិខ្មែរ ៥០% ជាក្រុមហ៊ុន​នាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ព្រមទាំងជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា។ ហើយក្រុមហ៊ុនទាំងនោះ ត្រូវមានប្រតិបត្តិការអាជីវកម្មយ៉ាងតិចណាស់៣ឆ្នាំ និងមានបទពិសោធន៍នាំចេញអង្ករ យ៉ាងហោចណាស់មួយឆ្នាំ។ ជាមួយគ្នានេះ ក្រុមហ៊ុននិងរោងម៉ាស៊ីនកិនស្រូវ ត្រូវមានប្រាក់ចំណូលប្រចាំឆ្នាំយ៉ាង ២.៥លានដុល្លារ និងមានផែនការអាជីវកម្មច្បាស់លាស់ មានកិច្ចសន្យាបញ្ជាទិញ ព្រមទាំងមានផែនការអាជីវកម្មនៃការនាំចេញអង្ករ ឬកិនអង្ករយ៉ាងតិច៥០០០តោន គិតត្រឹមឆ្នាំ២០២៥។

លោកស្រី សេង លាភ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ សេកមាស ខេត្តកំពង់ចាម ដែលដំណើរការអាជីវកម្ម ក្នុងវិស័យនេះប្រមាណ៣០ឆ្នាំ បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា គម្រោងធានាឥណទាន សម្រាប់វិស័យស្រូវអង្ករ គឺ​ការបើកផ្លូវមួយដ៏ល្អសម្រាប់រោងម៉ាស៊ីនកិន និងក្រុមហ៊ុននាំចេញអង្ករ ដើម្បីងាយទទួលបានទុនបន្ថែម ក្នុងការប្រមូលទិញស្រូវនៅរដូវប្រមូលផល ដែលធ្វើឱ្យលោកស្រី ក៏ដូចម្ចាស់រោងម៉ាស៊ីនផ្សេងទៀតមានលទ្ធភាពពង្រីកការទិញស្រូវសម្រាប់ស្តុកទុក។

លោកស្រីបានឱ្យដឹងថា កន្លងមកការ​ទទួលបានកម្ចីពីធានាគារ​ ហាក់មិនសូវងាយស្រួលនោះទេ ហើយសុទ្ធតែតម្រូវឱ្យមានទ្រព្យបញ្ចាំ ប៉ុន្តែតាមរយៈគម្រោងនេះ គឺសិក្សាផែនការអាជីវកម្មជាក់ស្តែងប៉ុណ្ណោះ ដែលកាន់តែងាយស្រួលសម្រាប់អ្នក ដែលមានផែនការអាជីវកម្មច្បាស់លាស់។

ក្នុងនាមជាក្រុមហ៊ុនដែលនាំចេញអង្ករផង និងប្រមូលទិញស្រូវសម្រាប់កិន ផ្គត់ផ្គង់ក្នុងស្រុក​ផង លោកស្រីយល់ថា តាមរយៈគម្រោងធានាឥណទាននេះ នឹងជួយធ្វើឱ្យដំណើរការអាជីវកម្ម របស់លោកស្រីកាន់តែរីកធំជាងមុន។

សូមជម្រាបថា សម្រាប់ក្រុមហ៊ុន​នាំចេញអង្ករ និងរោងម៉ាស៊ីនកិនស្រូវ ដែលមានបំណងទទួលបានឥណទាន ដោយមានការធានាពី CGCC ​អាចទាក់ទងទៅសហព័ន្ធស្រូវអង្ករកម្ពុជា ដើម្បីស្នើសុំលិខិតបញ្ជាក់ និងស្វែងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម (PFIs) ចំនួន៧ ស្ថាប័ន ដែលចូលរួមអនុវត្តគម្រោង REGSនេះដើម្បីស្នើសុំឥណទាន។ គ្រឹះស្ថានហិរញ្ញវត្ថុចូលរួម រួមមាន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ, ធនាគារកាណាឌីយ៉ា, ធនាគារពាណិជ្ជក្រៅប្រទេស នៃកម្ពុជា (FTB), ធនាគារមេយប៊ែង (ខេមបូឌា), ធនាគារព្រីនស៍, ធនាគារស្ថាបនា, និងធនាគារវីង (ខេមបូឌា)​៕