​(រតនគិរី)៖ លោកស្រី ឌិត នីតា​ ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានថ្លែងថា គិតមកទល់ពេលនេះ ប្រជាពលរដ្ឋនៅខេត្តរតនគិរី ប្រមាណ៦៥% បានទទួលសេវាហិរញ្ញវត្ថុពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវកា រដែលនេះបញ្ជាក់ពីវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទដាច់ស្រយាល ជាពិសេសបងប្អូនជនជាតិភាគតិច ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ។

លោកស្រី ឌិត នីតា​ លើកឡើងបែបនេះ ធ្វើឡើងនៅក្នុងនៅក្នុងសិក្ខាសាលាថ្នាក់ខេត្តស្តីពី«ការផ្សព្វផ្សារសេវាធនាគារ និងហិរញ្ញវត្ថុផ្លូវការប្រកបដោយទំនួលខុសត្រូវ និងកិច្ចការពារអតិថិជន» ជាលើកទី១​ជូនដល់អាជ្ញាធរមូលដ្ឋាន នៅក្រុងបានលុង និងស្រុកអូរជុំ នៃខេត្តរតនគិរី នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤។

លោកស្រីបានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុបានពង្រីកប្រតិបត្តិការរបស់ខ្លូនព្រមបានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទ ជាពិសេសបងប្អូនជនជាតិដើមភាគតិច។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ វិស័យមីក្រូហិរញ្ញវត្ថុបានជួយគាំទ្រដល់ប្រជាពលរដ្ឋចំនួន១,៥៥លាននាក់ និងបានផ្ដល់ឥណទានចំនួន ៥,១៦ពាន់លានដុល្លារសហរដ្ឋអាមេរិកនៅទូទាំងប្រទេសនិងលើគ្រប់វិស័យនៃខឿនសេដ្ឋកិច្ចជាតិ។ សម្រាប់ខេត្តរតនគិរី ប្រជាជនប្រមាណ៦៥% បានទទួលសេវាហិរញ្ញវត្ថុ ពីគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ដែលនេះបញ្ជាក់ពីវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុផ្លូវការដល់ទីជនបទដាច់ស្រយាល ជាពិសេសបងប្អូនជនជាតិភាគតិច ដើម្បីចូលរួមចំណែកលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងកំណើនសេដ្ឋកិច្ចជាតិ។

​លោក តូច ចៅចេក សមាជិកក្រុមប្រឹក្សាភិបាលនៃសមាគមធនាគារនៅកម្ពុជា បានបន្ថែមថា៖ «ការពង្រីកវិសាលភាពនៃការផ្តល់សេវាហិរញ្ញវត្ថុនេះ បានជួយឱ្យគ្រឹះស្ថានហិរញ្ញវត្ថុនៅក្នុងខេត្តរតនគិរី ផ្តល់ការងារដល់សិស្ស និស្សិត និងយុវជនក្នុងខេត្ត និងបានផ្តល់ជាប្រភពទុនដែលមានអាត្រាការប្រាក់ទាបដើម្បីឱ្យប្រជាពលរដ្ឋយកទៅវិនិយោគក្នុងវិស័យនានា និងបានចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចក្នុងខេត្តរតនគិរីឱ្យមានការរីកចម្រើនផងដែរ»។

លោកបានបញ្ជាក់ផងដែរថា ស្ថិរភាពនិងភាពរឹងមាំ នៃវិស័យធនាគារ និងហិរញ្ញវត្ថុ គឺមិនអាចកើតមានទេ ប្រសិនបើគ្មានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ធនាគាជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធ។

លោកក៏បានផ្ដល់អនុសាសន៍ដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងខេត្តរតនគិរី បន្តកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋានក្នុងខេត្ដ ក្នុងការបន្តចូលរួមពង្រឹងការអប់រំដល់ប្រជាពលរដ្ឋ និងកិច្ចគាំពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ ប្រកបដោយភាពទន់ភ្លន់ និងការទទួលខុសត្រូវខ្ពស់។

​លោក ងិន ណែល អភិបាលរងខេត្តរតនគិរី​ មានប្រសាសន៍ថា វិស័យធនាគារ និងហិរញ្ញវត្ថុ នៅខេត្តរតនគិរី បានរួមចំណែកយ៉ាងសកម្ម ក្នុងការលើកស្ទួយកម្រិតជីវភាពរស់នៅ របស់ប្រជាជននៅទូរទាំងខេត្ត មិនថានៅទីរួមខេត្ត ក្រុង ស្រុក ឃុំ ភូមិ ហើយជាពិសេសការផ្តល់សេវាហិរញ្ញវត្ថុ ជូនដល់បងប្អូនជនជាតិភាគតិចផងដែរ។ ទន្ទឹមនឹងភាពរីកចម្រើនរបស់វិស័យ លោកស្រី ឌិត នីតា និងលោក តូច ចៅចេក ក៏បានរំលេចពីបញ្ហាប្រឈមមួយចំនួនដែលបាននិងកំពុងកើតឡើនៅក្នុងខេត្តរតនគិរីផងដែរ រួមមានដូចជា ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិត ដែលជាហេតុនាំឱ្យការប្រើប្រាស់ឥណទានមិនមានប្រសិទ្ធភាព៕