(ភ្នំពេញ)៖ ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group និងជាអ្នកជំនួយក្នុងវិស័យកសិកម្ម បានមកចែករំលែកអំពីបទពិសោធន៍ និងវិធីសាស្ដ្រដោះស្រាយបញ្ហា ក្នុងការគ្រប់គ្រងអាជីវកម្ម នៅពេលវិបត្ដិសេដ្ឋកិច្ច ។

ឧកញ៉ា ចាន់ សុឃាំង បានលើកឡើងថា បញ្ហាដែលអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួន តែងតែជួបជាចំបងនោះ ដោយមានកត្ដាចំនួន២ធំៗ រួមមាន ទីមួយ៖ តម្រូវការទីផ្សារ និងទី២៖ កម្រិតនៃការប្រើប្រាស់ប្រភពទុន ឬក៏ហិរញ្ញវត្ថុ។

ការចែករំលែកបទពិសោធន៍នេះ ធ្វើឡើងក្នុងកិច្ចពិភាក្សាលើប្រធានបទ៖ «បទពិសោធន៍នៃការអភិវឌ្ឍជំនួញរបស់ឧកញ៉ា ចាន់ សុឃាំង ប្រធានក្រុមហ៊ុន HERITAGE Group» ក្នុងកម្មវិធី FRESH BUSINESS។

ឧកញ៉ា ចាន់ សុឃាំង បានបញ្ជាក់ថា «នៅក្នុងការធ្វើធុរកិច្ច វាតែងតែមានពេលដែលល្អ ពេលដែលមិនល្អ ចឹងយើងត្រូវមានលក្ខណៈមួយត្រៀមទុក ថាតើទំហំការធ្វើអាជីវកម្មរបស់យើងនេះ វាអាចដើរទៅបាន ដោយរបៀបណា ដែលមិនសូវជួបនឹងផលប៉ះពាល់ ដែលយើងត្រូវថ្លឹងតាំងអំពីតម្រូវការជាក់ស្ដែង ឬក៏សក្ដានុពល នៃការបង្កើតចំណូល»

សូមជម្រាបថា ឧកញ៉ា ចាន់ សុឃាំង បច្ចុប្បន្ន ជាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងជាអគ្គនាយកក្រុមហ៊ុន Signature of Asia ដែលជាក្រុមហ៊ុន នាំចេញអង្ករ ទៅទីផ្សារអន្តរជាតិ ព្រមទាំងមានក្រុមហ៊ុនផ្នែកកសិកម្ម និងក្រុមហ៊ុនជាច្រើនទៀត នៅក្នុងដៃ៕

ខាងក្រោមនេះ ជាវីដេអូនៃការលើកឡើងទាំងស្រុង របស់ឧកញ៉ា ចាន់ សុឃាំង៖