(ភ្នំពេញ)៖ យោងតាមសេចក្ដីជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC នៅព្រឹកថ្ងៃអង្គារនេះ សហព័ន្ធនឹងរៀបចំនូវការប្រកួតមិត្តភាពអន្ដរជាតិរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងក្រុមមកពីជប៉ុន ចំនួន ២ប្រកួត នាសប្ដាហ៍ក្រោយ ដើម្បីអបអរសាទរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ។

សេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ថា ជំនួបមិត្តភាពអន្ដរជាតិទាំង ២ប្រកួត រួមមានក្រុមយុវជន U18 សាលាបាល់ទាត់ជាតិបាទី ត្រូវជួបក្រុម U18 Fukushima របស់ជប៉ុន នៅថ្ងៃទី៣១ ខែតុលា បន្ទាប់មកក្រុមបាល់ទាត់វិសាខា ត្រូវជួបក្រុមយុវជន មកពីសហព័ន្ធកីឡាបាល់ទាត់ជប៉ុនដដែល នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើទីលានពហុកីឡដ្ឋានជាតិតែមួយគត់ ។

តាមរយៈការប្រកួតនេះ មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចាត់ទុកជាផលល្អមួយ ដោយមិនត្រឹមតែជាការប្រកួតរឹតចំណងមិត្តភាព និងអបអរខួបលើកទី៦៥ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុននោះទេ ពោលគឺក៏ជាឱកាសក្នុងការផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមកផងដែរ ព្រោះក្រុមយុវជន U18 Fukushima គឺជាក្រុមខ្លាំងមួយ ដែលបណ្ដុំដោយយុវជនមានសមត្ថភាព ដើម្បីបណ្ដុះឆ្ពោះទៅរកកម្រិតអាជីព៕