(ភ្នំពេញ)៖ កីឡាករដែលមានដើមកំណើតមកពីមជ្ឈមណ្ឌល និងសាលាបាល់ទាត់ជាតិបាទី ខេត្តតាកែវ សៀង ចន្ធា ត្រូវបានគ្រូបង្វឹកកោះហៅចូលក្នុងជម្រើសជាតិឈុតធំ ដែលបានក្លាយជាកីឡាករក្មេងជាងគេបំផុត ក្នុងចំណោមសមាជិក ២៥នាក់ ត្រៀមប្រកួតពានរង្វាន់ថ្នាក់តំបន់អាស៊ាន AFF Suzuki Cup ឆ្នាំ២០១៨។

កីឡាករលេងក្នុងតំណែងប្រយុទ្ធ សៀង ចន្ធា មានអាយុទើបតែ១៦ឆ្នាំប៉ុណ្ណោះ ដែលបានកើតនៅក្នុងឆ្នាំ២០០២។ អ្វីដែលសំខាន់ផងនោះ ចន្ធា បានក្លាយជាកីឡាករក្មេងជាងគេ ក្នុងចំណោមអ្នកមានឈ្មោះទាំង២៥នាក់ ដែលគ្រូវបានគ្រូជំនួយរបស់លោក Honda កោះហៅចូលរួមក្រុមជម្រើសជាតិគោព្រៃកម្ពុជា សម្រាប់ការប្រកួតពានរង្វាន់ AFF Suzuki Cup លើកនេះ។

គួរបញ្ជាក់ថា សៀង ចន្ធា ជាកីឡាករមកពីខេត្តកោះកុង បានផ្ដើមហ្វឹកហាត់បាល់ទាត់ជាលក្ខណៈអាជីព ពេលឈានជើងចូលមជ្ឈមណ្ឌលជាតិបាទី ឆ្នាំ២០១៤ និងមានឈ្មោះលេងឲ្យជម្រើសជាតិអាយុក្រោម១៦ឆ្នាំ ១៧ឆ្នាំ និង ១៩ឆ្នាំទៀតផង។

ព្រឹត្តិការណ៍ប្រកួតពាន AFF Suzuki Cup ឆ្នាំ២០១៨ នឹងចាប់ផ្ដើមពីថ្ងៃទី០៨ ខែវិច្ឆិកា ដោយកម្ពុជា ដែលស្ថិតនៅពូល A ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី ឡាវ មីយ៉ាន់ម៉ា និងវៀតណាម៕