(ក្រុងតូរីន)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo បន្តរកបាន ១គ្រាប់ទៀតក្នុងជ័យជម្នះម្ចាស់ផ្ទះសេះបង្កង់ Juventus បំបាក់ក្រុមភ្ញៀវ Frosinone ៣-០ ក្នុងសប្តាហ៍ទី២៤ ជើងទី២ នៃលីគកំពូលអ៊ីតាលី Serie A បន្តលេងមិន ចាញ់នៅរដូវកាលនេះ។

១គ្រាប់របស់កីឡាករវ័យ៣៣ឆ្នាំ សញ្ជាតិព័រទុយហ្គាល់ Ronaldo នៅនាទីទី៦៣ បានធ្វើឲ្យរូបគេបន្តរកបាន១៩គ្រាប់ នៅ Serie A ច្រើនជាងគេនៅរដូវកាលឆ្នាំ២០១៨-២០១៩ សរុបកើនដល់ ២១គ្រាប់គ្រប់កម្មវិធីប្រកួតរបស់ក្រុមការពារតំណែងជើងឯក Juventus ក្រោយពេលចាកចេញពីក្លឹប Real Madrid កាលខែកក្កដា ឆ្នាំ២០១៨ ពីប្រទេសអេស្ប៉ាញ។

យ៉ាងណាក៏ដោយ ៣ពិន្ទុក្នុងដីនេះដែរ ក៏បានធ្វើឲ្យ Juventus នាំមុខកំពូលតារាងដាច់ ១៤ពិន្ទុក្នុងចំណោមពិន្ទុសរុប ៦៦ពិន្ទុ ខណៈក្រុមលេខ២ Napoli ទើបរកបាន ៥២ពិន្ទុដោយនៅសល់ ១ប្រកួតក្នុងដៃដែលត្រូវប្រជែង ខណៈ Juventus កំពុងសំឡឹងរកការឈ្នះពាន Serie A ជាលើកទី៨ ជាប់ៗគ្នាផងដែរនោះ៕