(ភ្នំពេញ)៖ តារាសម្ដែងលោក ហ៊ុន សុភី បានបង្ហាញនូវការលះបង់ខ្ពស់ស្ទើរមិនគួរឲ្យជឿ នៅពេលដែលលោកបានចូលរួមសម្ដែង ក្នុងរឿង «ទារុណកម្មខ្មោច» ដោយហ៊ានថតឈុតឆាក កប់ទាំងរស់ ដើម្បីឲ្យភាពយន្តមួយនេះ មានគុណភាពល្អឥតខ្ចោះ និងជាការរួមចំណែកលើកស្ទួយវិស័យភាពយន្តខ្មែរ ឲ្យកាន់តែរីកចម្រើនផងដែរ។

ជាក់ស្ដែង ថ្មីៗនេះ ផលិតកម្មមាតុចក្រហ្វីលម៍ រួមសហការ និងផលិតកម្មសិល្បៈ​ខ្មែរភាពយន្ត បានដាក់ចេញនៅឈុតក្រៅឆាករបស់ខ្លួន ដែលទស្សនាហើយធ្វើឲ្យព្រឺសម្បុរតែម្តង ព្រោះការរៀបរាប់របស់តួនីមួយៗ និងរូបភាពនៃការតស៊ូថតឃើញហើយ ពិតជាសូមកោតសរសើ នៅការលះបង់ជាទីបំផុត បន្ទាប់ពីតារាសម្តែង ហ៊ុយ យ៉ាឡេង ដែលគេមើល​ឃើញ​មានការលះបង់ជាងគេ ទៅហើយនោះ។

ក្នុងនោះ​សូមរំលេចតួអង្គលោក ហ៊ុន សុភី ដែលជាកំពូលតួអង្គឯកជាប់ងារ ​ខាងតួខ្មែរក្រហម ដែលទើបបញ្ចប់ការចូលរួមសម្តែង ក្នុងរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ាខ្ញុំ» ដែលជាភាពយន្តលំដាប់ពិភពលោក របស់លោកស្រី ជូលី រួចមក លោកត្រូវបានលោក ហ៊ុយ យ៉ាឡេង អញ្ជើញឲ្យចូលរួមសម្តែង ក្នុងខ្សែភាពយន្តរឿង «ទារុណកម្មខ្មោច» តែម្តង។ ក្នុងរឿងនេះ លោកសម្តែង​ធ្វើឲ្យលោក ហ៊ុយ យ៉ាឡេង រំភើបចិត្តយ៉ាងខ្លាំង ដោយ ហ៊ុយ យ៉ាឡេង បានប្រាប់ថា មុនដំបូងខ្លាចចិត្តគាត់ (ហ៊ុន សុភី) ដែរ នៅពេលដែលសុំគាត់កប់ទាំងរស់ មិនដឹងជាគាត់ព្រមឬអត់?

ប៉ុន្តែក្រោយពីការស្នើសុំ ចម្លើយមួយម៉ាត់យ៉ាងខ្លី គឺយល់ព្រម ដើម្បីកុនយើងល្អ។ ដូចនេះចង់មើលឈុតឆាកកប់ទាំងរស់ របស់លោក ហ៊ុនសុភី បែបណាសូមទស្សនាទាំងអស់គ្នា៖