(កំពង់ឆ្នាំង)៖ សកម្មភាពកីឡា ដែលរៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដើម្បីអបអរសាទរពិធីបុណ្យទន្លេ លើកទី៥ ឆ្នាំ២០១៩ នៅខេត្តកំពង់ឆ្នាំង បានចាប់ផ្ដើមសកម្មភាពរបស់ខ្លួនហើយ ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៥ ខែមីនានេះ មានប្រជាពលរដ្ឋ និងសិស្សានុសិស្សជាង ២,៣០០នាក់ឯណោះបានចូលរួមរត់កម្សាន្ដចម្ងាយ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រចាំឆ្នាំនេះ។

កម្មវិធីរត់កម្សាន្ដនេះ បានធ្វើឡើងក្រោមវត្តមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងលោក ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង។ នេះគឺកីឡាទី១ ក្នុងចំណោមកីឡា ១២ប្រភេទ ត្រូវបានរៀបចំមុនគេ សម្រាប់ថ្ងៃដំបូងនៃពិធីបុណ្យទន្លេ លើកទី៥ ដែលគ្រោងប្រារព្ធធ្វើឡើងរយៈពេល ៣ថ្ងៃ នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០១៩ នៅទីរួមខេត្តកំពង់ឆ្នាំង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ថា ក្នុងចំណោមអ្នកចូលរួមរត់កម្សាន្ដព្រឹកមិញ ភាគច្រើនជាសិស្សានុសិស្សវ័យក្មេង តែក៏មានប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងផ្ទាល់ បានចូលរួមរត់លក្ខណៈសប្បាយរីករាយ និងជាទុកជាអនុស្សាវរីយ៍ ក្នុងឱកាសបុណ្យទន្លេ ដែលកំពុងរៀបចំនៅខេត្តរបស់ខ្លួន។ មិនតែប៉ុណ្ណោះ វាក៏ជាសញ្ញាណវិជ្ជមានមួយ ក្នុងការបំផុសកម្មភាពកីឡា ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ដថា «ការចូលរួមរត់នេះ យើងគ្រាន់តែមានការលើកទឹកចិត្ត សម្រាប់អ្នករត់មកដល់ទីមុន តែមិនទាន់ចូលក្នុងចំណាត់ថ្នាក់បច្ចេកទេសទេ។ ប៉ុន្ដែអ្វីដែលគួរឲ្យកត់សម្គាល់ ក្មេងចូលរួមទាំងអស់ គឺជាទំពាំស្នងឬស្សី និងជាថ្នាលសម្រាប់ការបណ្ដុះទឹកចិត្តស្នេហាកីឡា ពិសេសការបំផុសពួកគាត់ឲ្យចូលរួមលេងកីឡាជំនាញបន្ថែមទៀត ដើម្បីក្លាយជាកីឡាករ-កីឡាការិនី ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»

គួរបញ្ជាក់ថា បុណ្យទន្លេឆ្នាំនេះ NOCC បានត្រៀមកីឡា ១២ប្រភេទ សម្រាប់រៀបចំការប្រកួត និងសម្ដែងជូនភ្ញៀវជាតិ-អន្ដរជាតិទស្សនាកម្សាន្ដ ខណៈថ្ងៃដំបូងនេះ កីឡាត្រូវប្រកួត និងសម្ដែងបន្ទាប់ពីកីឡារត់កម្សាន្ដ គឺមានកីឡាបាល់ទាត់ បាល់ទះ ចំបាប់បុរាណ ទាញព្រ័ត្រ វាយសី និងកីឡាបាល់បោះ។ រីឯកីឡាត្រៀមលេងនៅថ្ងៃបន្ទាប់ រួមមានកីឡាប្រណាំងសេះ ជិះកង់កម្សាន្ដ ប្រដាល់គុនខ្មែរ ប្រណាំងទូក និងកីឡាល្បុក្កតោ ដែលនឹងត្រូវមានសកម្មភាព ៣ថ្ងៃពេញ ដើម្បីអបអរសាទរបុណ្យទន្លេ លើកទី៥ នៅខេត្តកំពង់ឆ្នាំង៕