(ម៉ាឌ្រីដ)៖ កីឡាករខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo នឹងត្រូវបានសហព័ន្ធកីឡាបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA ដាក់ទណ្ឌកម្ម ដោយសារប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យ នៅអំឡុងប្រកួតដែលបានជួយឲ្យ Juventus ទម្លាក់ក្រុម អេស្ប៉ាញ Atletico Madrid ចេញពី Champions League ក្នុងវគ្គ ១៦ក្រុមចុងក្រោយ។

តាមរយៈសារព័ត៌មាន BBC បានចេញផ្សាយថា កីឡាករវ័យ៣៤ឆ្នាំ Ronaldo តាមធ្វើត្រាប់តាមគ្រូបង្វឹក Diego Simeone បន្ទាប់ពីរូបគេរកគ្រាប់ទី៣ ឲ្យក្រុមម្ចាស់ផ្ទះសេះបង្កង់ Juventus ក្នុងជ័យជម្នះ ៣-០ ទៅលើក្រុមភ្ញៀវ Atletico Madrid ក្នុងជើងទី២ នៃវគ្គ ១៦ក្រុមនារាត្រីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

ករណីរបស់កីឡាករប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ នឹងត្រូវប្រជុំសម្រេចចុងក្រោយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ខណៈដែល Juventus ត្រូវបានចាប់ឆ្នោតប៉ះក្រុមហូឡង់ Ajax ក្នុងវគ្គ ៨ក្រុមចុងក្រោយ មុនពេលជើងទី១ ចាប់ផ្តើមប្រកួតនាខែក្រោយ ខណៈលោក Diego Simeone ត្រូវបាន UEFA ពិន័យជាទឹកប្រាក់គ ២៣០០០រួចមកហើយ នៅពេលអបអរក្នុងជ័យជម្នះ ២-០ កាលពីជើងទី១ វគ្គ១៦នៅទឹកដីអេស្ប៉ាញ៕