(អាតែន)៖ ការប្រកួតរវាងក្រុម Panathinaikos ទល់នឹង Olympiakos ក្នុងលីគកំពូលរបស់ប្រទេសក្រិច ត្រូវបានលុប ចោល ដោយសារតែអ្នកគាំទ្រផ្ទុះហិង្សាទល់នឹងក្រុមប៉ូលិសនៅអំឡុងការប្រកួតនារាត្រីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៩។

ហេតុការណ៍នេះបានកើតឡើងដំបូង ដោយសារតែអ្នកគាំទ្រខាងក្រុមម្ចាស់ផ្ទះ Panathinaikos បានបើកការវាយប្រហារទៅលើក្រុមគាំទ្រខាង Olympiakos និងក្រោយមកបានចាប់ផ្តើមប្រកួតឡើងវិញ មុនពេលហិង្សាបានផ្ទុះឡើងជាថ្មីនៅក្រៅកីឡដ្ឋាន OAKA Stadium បន្ទាប់ពីកីឡាករនៃក្លឹប Olympiakos ទាត់ចូល ១គ្រាប់មុននៅនាទី៥៣។

ក្នុងហេតុការណ៍ដែលមិនអាចគ្រប់គ្រងបាននោះ ក្រុមប៉ូលិសបានបង្ខំចិត្តបាញ់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមអ្នក គាំទ្រ មុនពេលលោកអាជ្ញាកណ្តាល Marco Fritz បានសម្រេចលុបចោលការប្រកួតនេះនៅនាទី៧០៕