(ភ្នំពេញ)៖ កញ្ញា យ៉ុន កាន់ទីម៉ា និង លោក លឿង វិសាល គឺជាម្ចាស់ជយលាភីសម្រស់ឯកវាយនភណ្ឌ ឆ្នាំ២០១៩។ អ្នកទាំងពីរ ប្រៀបបាននឹងតារាម៉ូដែលពន្លកថ្មី បន្ទាប់ពីបានបង្ហាញសមត្ថភាពដ៏លេចធ្លោរក្នុងកម្មវិធីប្រចាំឆ្នាំ «សម្រស់​ឯកវាយន​ភណ្ឌ» និងជំនះរាល់ឧបសគ្គ ដើម្បីក្លាយជាម្ចាស់ជយលាភី។ យ៉ាងណាមិញ បន្ទាប់ពីទទួលនូវតំណែងម្ចាស់ពានប្រចាំឆ្នាំហើយនោះ អ្នកទាំងពីរ នឹងមកបង្ហាញវត្តមានក្នុងកម្មវិធី «អាថ៌កំបាំងក្រៅឆាករបស់តារា» នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីបង្ហាញដល់ទស្សនិកជន ឱ្យដឹងពី​ចំណាប់អារម្មណ៍ពេលបានក្លាយជាតារាម៉ូដែល ព្រមទាំងអាថ៌កំបាំងផ្ទាល់ខ្លួនានា។

ជាការកត់សម្គាល់ ម្ចាស់ជយលាភីប្រុសស្រីទាំងពីររូប គឺកញ្ញា យ៉ុន កាន់ទីម៉ា និងលោក លឿង វិសាល គឺជាកម្មករ-កម្មការិនីរោងចក្រ ដែលសុទ្ធសឹងតែមកពីរាជធានីភ្នំពេញដូចគ្នា។ ក្រៅពីបម្រើការងារក្នុង ឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ក៏ដូចជាផលិតស្បែកជើងនោះ អ្នកទាំងពីរក៏មានឱកាសចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «សម្រស់ឯកវាយន​ភណ្ឌ» ឆ្នាំ២០១៩ ដែលជាកម្មវិធីមួយ ផ្តល់ឱកាសដល់កម្មករ-កម្មការិនីរោងចក្រមានឱកាសបញ្ចេញសមត្ថភាពសិល្បៈរបស់ខ្លួន និងបានក្លាយជាតារាម៉ូដែលផងដែរ។

យ៉ាងណាមិញ ក្រោយពីទទួលជយលាភីខាងលើ និងមានការងារមួយផ្សេងទៀត ក្រៅពីកម្មករគឺជំនាញដើរម៉ូត តារាពន្លកថ្មីទាំងពីររូប មានជំហរបែបណា មានគោលដៅបែបណាក្នុងជីវិតនោះ អ្នកទាំងពីរ នឹងមកបង្ហាញ ក៏ដូចជាបកស្រាយ តាមរយៈចូលរួមជាតារាកិត្តិយសក្នុងកម្មវិធី «កម្មវិធីអាថ៌កំបាំងក្រៅឆាករបស់» តារានៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ កម្មវិធីនេះនឹង ធ្វើការផ្សាយផ្ទាល់ពីទូរទស្សន៍ Fresh Newsនៅយប់ថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០១៩នេះ នាម៉ោង ៧៖០០នាទី ដល់ម៉ោង ៨៖០០នាទីយប់ ហើយនឹងត្រូវចាក់ផ្សាយឡើងវិញ នៅថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោងដដែល៕