​(ជប៉ុន)៖ តារាសិល្បៈខ្មែរមួយក្រុម ទទួលបានមហាកិត្តិយសធំធេង ដោយបានទទួលការស្វាគមន៍យ៉ាងកក់ក្ដៅ ក្នុងដំណើរទស្សនកិច្ច និងផ្សព្វផ្សាយវប្បធម៌ខ្មែរ ទៅកាន់ក្រសែភ្នែកប្រជាជនជប៉ុន។ ប្រធានសមាគមខ្មែរ ប្រចាំទីក្រុងហ្វូគុកៈ បានរៀបចំឲ្យក្រុមតារារបស់ខ្មែរ បានធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួន តាមរយៈការសម្ដែងរបាំ និងចម្រៀងប្រកបដោយកិត្តិយស នៅក្នុងសាលារៀន ក្នុងសមាគមនានារបស់ជនជាតិជប៉ុន ក្នុងសាកលវិទ្យាល័យ និងក្នុងក្រុមហ៊ុនធំៗមួយចំនួន ប្រកបដោយមោទនភាព។

សកម្មភាពសម្ដែងការគួរសម អមដោយការសម្ដែងសិល្បៈ ជូនដល់ថ្នាក់ដឹកនាំនាយកសាលា នាយកក្រុមហ៊ុន នាយកសមាគមជប៉ុន ជាពិសេសការសម្ដែងសិល្បៈ នៅក្នុងសាកលវិទ្យាល័យធំមួយរបស់ជប៉ុននេះ ត្រូវបានសម្របសម្រួលការងារ ដោយលោកស្រី ឆោម ស្រស់ ប្រធានសមាគមរួបរួមពលរដ្ឋកម្ពុជា ជប៉ុន និងលោក អូតានិ ​ដែលជាអ្នកសម្របភាគីខាងជប៉ុន​។ ​បន្ទាប់ពីធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈ ជូនដល់ក្រុមអ្នកវិនិយោទុនជប៉ុន និងក្រុមហ៊ុនមួយចំនួន តាំងពីថ្ងៃទី០៨ ឧសភា រហូតដល់ថ្ងៃទី១០ ឧសភា តារាសិល្បៈខ្មែរ ដែលរួមមាន​ទាំងតារាចម្រៀង អ្នករបាំបុរាណ និងតារាកំប្លែង ក៏ត្រូវបានអនុញ្ញាតិឲ្យធ្វើទស្សនកិច្ច និងសម្ដែងសិល្បៈ ដើម្បីផ្សព្វផ្សាយវប្បធម៌ខ្មែរ នៅក្នុងសាលាមតេយ្យ និងក្នុងសាកលវិទ្យាល័យ Naramora Gakuen University ដែលមិនខុសពីផ្ដល់កិត្តិយសឲ្យតារាសិល្បៈខ្មែរ បានផ្សព្វផ្សាយពីវប្បធម៌របស់ខ្លួន​នោះទេ។

លោក នូ សុផេន ជាអ្នកដឹកនាំក្រុមតារាទាំងនោះ ពីប្រទេសកម្ពុជា បានថ្លែងពីការរំភើប ដែលឃើញថ្នាក់ដឹកនាំប្រចាំក្រុមហ៊ុន សមាគម និងសាលារៀន តាំងពីថ្នាក់កុមារ រហូតដល់កម្រិតមហាវិទ្យាល័យរបស់ជប៉ុន ផ្ដល់ឱកាសឲ្យក្រុមសិល្បៈខ្មែរ បានគ្រងឈុតប្រពៃណីរបស់ខ្លួន ដើម្បីចូលសម្ដែងការគួរសម និងបង្ហាញពីទម្រង់សិល្បៈ ផ្សព្វផ្សាយពីអត្តសញ្ញាណរបស់ខ្លួន ទៅកាន់ប្រជាជនជប៉ុន។ លោកថា មិនមែនជារឿងងាយទេ ដែលថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ ជាពិសេសម្ចាស់សមាគមជប៉ុន និងថ្នាក់ដឹកនាំសាលា នៅក្នុងប្រទេសជប៉ុន ទទួលការស្វាគមន៍ ហើយបើកឱកាសឲ្យតារាសិល្បៈខ្មែរ ផ្សព្វផ្សាយពីវប្បធម៌។

លោកបន្តថា ទោះជាក្នុងថ្ងៃខ្លះ តារាសិល្បៈខ្មែរ ត្រូវសម្ដែង និងចុះធ្វើទស្សនកិច្ចដល់ទៅ៣កន្លែងឆ្ងាយៗពីគ្នា តែលោកថា តារាសិល្បៈទាំងអស់មិនហត់ទេ នៅពេលឃើញជនជាតិ ក្នុងប្រទេសរីកចំរើន យកចិត្តទុកដាក់បែបនេះ។ ក្រុមតារាសិល្បៈកម្ពុជា នឹងបញ្ចប់សកម្មភាពរបស់ខ្លួន ក្នុងជំនួបជាមួយអគ្គកុងស៊ុលរបស់កម្ពុជាប្រចាំនៅជប៉ុន ដែលលោកក៏ជនជាតិជប៉ុន នៅថ្ងៃទី១៤ ឧសភា ខាងមុខនេះ។ ប៉ុន្តែនៅក្នុងឱកាសនោះ តារា២រូបមិនត្រូវបាននៅជួបសម្ដែងការគួរសមនោះ ដោយសារតែត្រូវត្រឡប់មកកម្ពុជាមុន ​នៅសល់តែ​សិល្បករ៥រូប ដែលជាតំណាងសំខាន់ៗប៉ុណ្ណោះ៕