(កូរ៉េ)៖ ថ្មីៗនេះ មានសេចក្តីប្រកាសថា លោក Choi Jonghoon អតីតសមាជិកក្រុមចម្រៀងដ៏ល្បីល្បាញរបស់កូរ៉េ FT.Island ត្រូវបានចាប់ខ្លួន។

តុលាការសង្កាត់ទីក្រុង Seoul បានសំរេចនៅអំឡុងម៉ោង ១០យប់ (ម៉ោងនៅក្នុងតំបន់) ថា​ ដីកាចាប់ខ្លួន Jonghoon ត្រូវចេញលើមូលដ្ឋាននៃការភ័យខ្លាច ថាលោកនឹងបំផ្លាញភស្តុតាង។ លោកត្រូវបានតុលាការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទយ៉ាងធ្ងន់ធ្ងរទាក់ទងនឹងការបង្កប់កាមេរ៉ាថតវីដេអូ និងចែករំលែកនៅសណ្ឋាគារមួយកាលពីឆ្នាំ២០១៦។

Choi Jonghoon បានបង្ហាញវត្តមានស្តាប់សវនាការទៅលើដីកាចាប់ខ្លួនរបស់លោកនៅម៉ោង ១០:៣០ព្រឹក (ម៉ោងនៅក្នុងតំបន់) ហើយបន្ទាប់ពីការពិភាក្សាអស់រយៈពេលជាច្រើនម៉ោងលើករណីនេះ តុលាការបានសម្រេចឱ្យចាប់ខ្លួនលោក។ ខណៈពេលចូលខ្លួនទៅការិយាល័យរបស់រដ្ឋអាជ្ញា លោកមិនបានឆ្លើយតបនឹងសំណួរណាមួយរបស់អ្នកសារព័ត៌មាននោះទេ។

Choi Jonghoon ត្រូវបានគេមើលឃើញថា លោកបានដើរចេញពីតុលាការ បន្ទាប់ពីស្តាប់សវនាការទៅលើដីកាចាប់ខ្លួនរូបលោក ដោយដៃទាំងពីរជាប់ខ្នោះនិងបិទបាំងនឹងក្រណាត់ និងចងដៃដោយខ្សែ។ រឿងតែមួយគត់ដែលលោកបាននិយាយគឺ «ខ្ញុំសុំទោស»

សូមរំលឹកថា កាលពីថ្ងៃទី០៨ ខែឧសភា ប៉ូលិសបានស្នើសុំដីការចាប់ខ្លួន Choi Jonghoon ពីតុលាការ៕