(ភ្នំពេញ)៖ បច្ចុប្បន្នវិស័យភាពយន្តខ្មែរ ហាក់មិនទាន់ទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន ឲ្យបង្វែរមកទស្សនានិងគាំទ្របានទាំងស្រុងនោះទេ បើប្រៀបធៀបជាមួយនឹងការគាំទ្រភាពយន្តបរទេស ព្រោះតែមានហេតុផលជាច្រើន ដូចជាសាច់រឿងមិនទាក់ទាញ មិនត្រូវតាមតម្រូវការអ្នកទស្សនា ការសម្តែងចូលតួមិនដល់ជាដើម។ល។ ជាមួយគ្នានេះ ក្នុងនាមជាផលិតករមួយរូប លោក លៀក លីដា ក៏បានលើកឡើងផងដែរថា កុនខ្មែរមិនទាន់រីកចម្រើនខ្លាំងនោះទេ ព្រោះបច្ចុប្បន្នឃើញថា មានការកើនតែចំនួនអ្នកផលិត កើនតែរោងកុន ប៉ុន្តែមិនទាន់កើនអ្នកមើល។

ថ្លែងក្នុងឱកាសចូលរួមកម្មវិធី អបអរសាទរចំពោះការលើកលែងពន្ធក្នុងវិស័យភាពយន្ត និងសិក្ខាសាលាស្តីពីវិស័យភាពយន្តខ្មែរ ឆ្នាំ២០១៩ នៅរោងភាពយន្ត ប្រ៉ាមស៊ីនេផ្លិច ផ្សារសុវណ្ណានា ពេលថ្មីៗនេះ ម្ចាស់ផលិតកម្ម LD Picture លោក លៀក លីដា បានធ្វើការកត់សម្គាល់ថា ខណៈមហាជនមួយចំនួនថាភាពយន្តខ្មែរមានការរីកចម្រើន សម្រាប់លោកផ្ទាល់គិតថា មិនទាន់រីកចម្រើនខ្លាំងទេ ព្រោះអ្នកមើលកុនខ្មែរមិនទាន់មានការកើនឡើងច្រើនដូចឆ្នាំមុនៗ បានន័យថាកើនតែចំនួនរោងកុន និងអ្នកផលិត ខណៈអ្នកមើលថយចុះទៅវិញ។ មូលហេតុគឺនៅត្រង់ថា ការផលិតភាពយន្តមានការខ្វះខាតច្រើនក្នុងនោះរួមមាន ខ្វះបច្ចេកទេស, ខ្វះសាច់រឿង និង ផលិតចេញមកហើយសាច់រឿងខុសទីផ្សារជាដើម។

លោក លៀក លីដា បានសង្កត់ធ្ងន់ថា សូម្បីតែលោកផ្ទាល់ ក្នុងនាមផលិតករមួយរូប ឲ្យតែរឿងណាល្អមើល គឺលោកគាំទ្រហើយ មិនថារឿងខ្មែរ ឬបរទេសនោះទេ។ ការលើកឡើងនេះ ក្រោយពីមានមតិខាងក្រៅចោទជាសំនួរមកលោកមិនចេះខាន ដែលថា ហេតុអ្វីបានជាប្រជាជនខ្មែរគាំទ្ររឿងបរទេស មិនគាំទ្ររឿងខ្មែរ? ភ្ជាប់ជាមួយគ្នានេះ លោក លៀក លីដា ក៏បានបង្ហាញពីបញ្ហាប្រឈមមួយចំនួនក្នុងការផលិតភាពយន្តយ៉ាងដូច្នេះថា បច្ចុប្បន្នគឺខ្វះខាតទៅលើថវិកា និងខ្វះបណ្តាញលក់នៅក្រៅប្រទេស តែយ៉ាងណាទន្ទឹមគ្នានេះ គឺទាមទារឲ្យមានសមត្ថភាពខ្ពស់ក្នុងការផលិតរឿងផងដែរ ទាំងនេះជាកត្តាប្រឈមសម្រាប់លោកផ្ទាល់។ ផ្ទុយទៅវិញ បើសម្រាប់ភាពយន្តខ្មែរទាំងមូលតែម្តង គឺបញ្ហាសាច់រឿង គឺត្រូវមានសាច់រឿងល្អ, ឧបករណ៍ផលិត ត្រូវមានឧបករណ៍គ្រប់គ្រាន់​ និងបច្ចេកទេស គឺទាំងអ្នកបច្ចេកទេស....គ្រប់យ៉ាង ​ដើម្បីឲ្យដំណើរការផលិតកុនទៅមុខ។

យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ននេះ គេសង្កេតឃើញថា គ្រប់បណ្តាផលិតករ និងផលិតកម្មទាំងអស់ ហាក់ខិតខំខ្លាំង ក្នុងការស្វែករកគំនិតថ្មីៗ ប្លែកៗ ជាពិសេសសាច់រឿងល្អៗ ដើម្បីផលិតចេញជាខ្សែភាពយន្ត សម្រាប់ដាក់លក់ក្នុងស្រុកឲ្យទស្សនិកជនគាំទ្រច្រើន និងអាចមានឱកាសចេញទៅប្រកួតប្រជែងលើទីផ្សារអន្តរជាតិផងនោះ។ ទាំងនេះអាចនិយាយថា ដោយសារមានការលើកលែងពន្ធពីសំណាក់រដ្ឋាភិបាលកម្ពុជា ជាចំណុចពិសេសបំផុត ដែលរាជរដ្ឋាភិបាលបានបង្ហាញ ពីការជួយដល់វិស័យភាពយន្ត ហើយនេះ គឺជាការសម្រួលដល់ការលំបាកមួយចំនួនដល់ផលិតករ អាចមានឱកាសក្នុងការផលិតខ្សែភាពយន្តឱ្យពេញដៃពេញជើង៕