(ភ្នំពេញ)៖ ជាការកត់សម្គាល់ថ្មីៗ​នេះ មានចម្រៀងប្រភេទ Original Song មួយបទកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់មិត្តៗយុវវ័យ គឺបទ «សំឡេងបេះដូង» របស់ក្រុម Rizer។ អ្វីដែលគ្រប់គ្នាប្លែកអារម្មណ៍ គឺក្នុងចម្រៀងថ្មីមួយនេះ មិនត្រឹមតែស្នាដៃរបស់ក្រុម Rizer តែឯងនោះទេ គឺមានការចូលរួមច្រៀងយ៉ាងពិសេស ពីសំណាក់តារាចម្រៀង Original ដ៏មានប្រជាប្រិយភាព កញ្ញា សុភ័ក្រ កុសុម៉ា ផងដែរ ដោយនាងបានចាប់ដៃសហការ​ ជាមួយក្រុម Rizer ច្រៀងបានយ៉ាងល្អ និងទាក់ទាញ ក្នុងចម្រៀងថ្មី «សំឡេងបេះដូង»។

បទចម្រៀងថ្មី «សំឡេងបេះដូង» ត្រូវបានគេដឹងថា មានសាច់ភ្លេងថ្មីប្លែកអារម្មណ៍ ស្តាប់ទៅជក់ចិត្ត ជាពិសេសបានបង្កប់នូវអត្ថន័យស្នេហា ត្រូវចិត្តយុវវ័យសម័យថ្មីយ៉ាងខ្លាំង។ បួករួមទាំងការដាក់មនោសញ្ចេតនា​ ច្រៀងយ៉ាងពីរោះរណ្តំ ពីសំណាក់ កុសុម៉ា និង​សមាជិកក្រុម Rizer ផងនោះ រឹតតែធ្វើឲ្យចម្រៀងមួយបទនេះ ពេញនិយមខ្លាំង ទាំងក្នុងស្រទាប់យុវវ័យ និងមហាជនទូទៅ។

ងាកមកលោក សុខ សារ៉ាដាត ដែលជាសមាជិកម្នាក់ក្នុងក្រុម Rizer វិញ កាលដែលឃើញស្នាដៃក្រុមរបស់ខ្លួន ទទួលបានការចាប់អារម្មណ៍ដូច្នេះ ក៏បានបង្ហាញនូវចាប់អារម្មណ៍ពិតថា លោក និងសមាជិកក្រុមពិតជានឹកស្មានមិនដល់នោះទេ ថាស្នាដៃផលិតចេញមក ទទួលបានការចាប់អារម្មណ៍ច្រើន ពីទស្សនិកជន។ ទោះដឹងថារាល់ការធ្វើអ្វីមួយ ត្រូវមានសង្ឃឹមក៏ដោយ ប៉ុន្តែលោកថា មិនបានសង្ឃឹមខ្លាំងពេកទេ ព្រោះខ្លាចបាត់បង់អារម្មណ៍ធ្វើការ ពោលគឺមានតែម្នាក់ៗព្យាយាមយ៉ាងណាសហការ​គ្នា ធ្វើឲ្យបានល្អ ដើម្បីចេញលិទ្ធផលចេញមក មានទស្សនិកជនគាំទ្រច្រើន តែប៉ុណ្ណោះ។​

លោក សុខ សារ៉ាដាត បានបន្ថែមថា ចំពោះក្រុម Rizer ទើបតែបង្កើតបានមួយឆ្នាំប៉ុណ្ណោះ ជាមួយនឹងសមាជិក៤នាក់ ហើយការទទួលបាននូវលិទ្ធផលដ៏ប្រសើរបែបនេះ គឺជាភាពជោគជ័យមួយរបស់ក្រុមហើយ។ ងាកមកការចាប់ដៃគូ សហការ​ជាមួយ កញ្ញា សុភ័ក្រ កុសុម៉ា វិញ គឺជាលើកទី១ហើយ សម្រាប់ក្រុមរបស់លោក តែយ៉ាងណាក្តី បទពិសោធដំបូងនេះ គឺបានផ្លែផ្កាគួរជាទីគប់ចិត្តផងដែរ។ លោកថា ក្នុងរយៈពេលជិតមួយឆ្នាំនេះ ក្រុមលោកផលិតបានចម្រៀង ២ទៅ៣បទហើយ សុទ្ធសឹងតែជាប្រភេទ Original Song ខណៈមួយបទៗ គឺមានការគាំទ្រគួរសមពីទស្សនិកជន ដែលជាកំលាំងចិត្តមួយ ឲ្យក្រុមរបស់លោកខំប្រឹងប្រែងបន្តទៀត។

គួរជម្រាបថា ក្រុម Rizer បច្ចុប្បន្ននេះកំពុងតែត្រៀម នូវបទចម្រៀងជាច្រើនប្រភេទ បើគិតត្រួសៗចំនួន ៣បទហើយ សម្រាប់ចេញជាបន្តបន្ទាប់ ដើម្បីកំដេរអារម្មណ៍ទស្សនិកជន។ ទោះបីក្រុមនេះជំនាញខាងចម្រៀងប្រភេទ Rock ក៏ដោយ តែលោក សារ៉ាដាត បានឲ្យដឹងថា បទប្រភេទណាក៏ក្រុមលោកអាចរួមគ្នាច្រៀងបានដែរ ពោលគឺតម្រូវបានពេលវេលា និងកាលៈទេសៈ។

តោះ! ចង់ដឹងថាចម្រៀង «សំឡេងបេះដូង» ស្នាដៃរបស់​ សុភ័ក្រ កុសុម៉ា និង ក្រុម Rizer ពិរោះប្លែកអារម្មណ៍យ៉ាងណា សូមរីករាយសណ្តាប់ដូចខាងក្រោម៖