(ភ្នំពេញ)៖ បើទស្សនិកជននៅចាំមិនភ្លេច លោក ចាន់ណា រ៉ូណាន់ គឺជាអ្នកដឹកនាំសម្តែងភាពយន្តមួយរូប ដែលមានឈ្មោះល្បីល្បាញក្នុងពិភពឧស្សាហ៍កម្មភាពកម្ពុជា។ ទោះស្នាដៃរបស់លោក ដែលផលិតចេញមក ភាគច្រើនជាប្រភេទខ្មោច លងបន្លាច ព្រឺព្រួច ក៏ដោយ នៅតែមានទស្សនិកជនគាំទ្រ ដែលមូលហេតុនេះ កាន់តែធ្វើឲ្យលោកមានទឹកចិត្តបន្តផលិតរឿងប្រភេទនេះបន្ថែមទៀត។ តែយ៉ាងណា លោក ចាន់ណា រ៉ូណាន់ មិនបានព្រួយបារម្ភនោះទេ ពីរឿងគ្មានអ្នកគាំទ្រ ដោយសារផលិតរឿងប្រភេទខ្មោចដដែលៗ ព្រោះតែគិតថាភាពយន្តប្រភេទនេះនៅមានទីផ្សារ ណាមួយមិនមានធនធាន និងសមត្ថភាពគ្រប់គ្រាន់ ហក់លោតដល់ថ្នាក់ផលិតរឿងបែបវិទ្យាសាស្រ្ត កាប់ចាក់ ស៊ើបអង្កេតដូចបណ្តាប្រទេសដទៃផងនោះ។

ឆ្លើយតបនឹងការត្រៀមចាក់បញ្ចាំងស្នាដៃថ្មីរបស់ខ្លួនខាងមុខនេះ លោក ចាន់ណា រ៉ូណាន់ បានថ្លែងប្រាប់ Fresh News ឲ្យដឹងថា ចំពោះភាពយន្តថ្មីដែលត្រៀមដាក់បញ្ចាំងខាងមុខនេះ គឺលោកដឹកនាំសម្តែងឲ្យផលិតកម្មមួយ សុំមិនបញ្ចេញឈ្មោះ ហើយក៏ជាប្រភេទរឿងខ្មោច លងបន្លាច ព្រឺព្រួច ស្នេហាមនោសញ្ចេនាកម្សត់លាយឡំជាមួយគ្នាផងដែរ។ សម្រាប់លោកផ្ទាល់ មិនធ្លាប់មានគំនិតគិតថា គ្មានអ្នកគាំទ្ររឿងប្រភេទខ្មោចទេ ព្រោះទស្សនិកជនភាគច្រើន នៅតែមានតម្រូវការទស្សនាភាពយន្តខ្មោច ហើយមុននឹងផលិតក៏គិតពីតម្រូវការរបស់ទស្សនិកជនផងដែរ។ លើសពីនេះ មិនមែនតែខ្មែរទេ ដែលនិយមទស្សនារឿងភ័យរន្ធត់បែបខ្មោចនោះ សូម្បីតែបរទេសក៏សង្កេតឃើញមានច្រើនដែរ។ លោកថា ការបន្តផលិតរឿងបែបនេះ ព្រោះមិនទាន់ហក់លោតដល់ផលិតរឿងធំៗ បែបកាប់ចាក់ វិទ្យាសាស្ត្រដូចប្រទេសដទៃ ព្រោះក្នុងដៃគ្មានធនធាន សមត្ថភាពមិនគ្រប់គ្រាន់ ខ្វះបច្ចេកទេស តែយ៉ាងណាលោកក៏កំពុងសិក្សាពីសាច់រឿងបែបធំៗប្រភេទនេះដែរ។

លោក ចាន់ណា រ៉ូណាន់ បានសង្កត់ធ្ងន់ថា គោលការណ៍របស់លោក គឺនៅតែចិញ្ចឹមចិត្តផលិតភាពយន្តប្រភេទខ្មោច កំប្លែង និងស្នេហា ព្រោះទាំងនេះជាចំណីចក្ខុមួយ សម្រាប់ទស្សនិកជន។ ម្យ៉ាងទៀត បើផលិតរឿងបាញ់បោះ កាប់ចាក់គឺចំណាយលុយច្រើន និងពិបាកស្នើរសុំការអនុញ្ញាតិពីក្រសួង ណាមួយខាងក្រសួងដ៏មានបំរាមផងដែរ ថារឿងដែលអសន្តិសុខក្នុងសង្គម គឺសូមឲ្យជៀសវាង។ លោកថា មិនមែនមិនចង់ផលិតរសជាតិថ្មីទេ ប៉ុន្តែក្នុងដំណាក់កាលនេះ ស្ថិតក្នុងការរៀនសូត្រ ហើយរឿងប្រភេទស្នេហានឹងចង់ផលិត ទាល់តែមានសាច់រឿងថ្មីប្លែកទើបធ្វើ។

សូមជម្រាបថា ក្រៅពីអគុណដល់ទស្សនិកជន ដែលគាំទ្រស្នាដៃរបស់លោក និងសំណូមពរឲ្យទស្សនិកជនជួយគាំទ្រស្នាដៃថ្មីរបស់ខ្លួន, ផលិតករវ័យក្មេងលោក ចាន់ណា រ៉ូណាន់ ក៏បានរំឮកចំពោះទស្សនិកជនមួយចំនួនតូ ចដែលថាលោកផលិតរឿងដដែលៗផងដែរថា លោកក៏ចង់ផលិតសាច់រឿងថ្មីដែរ តែកត្តាចម្បងគឺខ្វះសមត្ថភាព និងធនធាន ទោះយ៉ាងណាក្នុងនាមជាផលិតករមួយរូប លោកក៏កំពុងតែខិតខំរៀនសូត្រស្វែងយល់បន្ថែមផងដែរ៕