(កាតាឡាំង)៖ កីឡាករខ្សែប្រយុទ្ធឆ្នើម Lionel Messi បានវិលត្រឡប់មកចូលរួមហ្វឹកហាត់សារថ្មីវិញ ក្រោយខកខានបង្ហាញខ្លួនឲ្យក្រុម FC Barcelona ចាប់តាំងពីបើករដូវកាលថ្មី LaLiga 2019-2020 នៃលីគកំពូលអេស៉្បាញ ស្របពេលក្រុមខ្លាំង Barcelona នឹងត្រូវជួប Borussia Dortmund នៃការប្រកួតសន្សំពិន្ទុពានរង្វាន់ UEFA Champions League។ នេះបើតាមការវចេញផ្សាយដោយ Marca នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩។

កីឡាករខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi និងជាប្រធានក្រុមនៃក្លឹបការពារជើងឯក Barcelona នៃលីគ LaLiga បានបង្ហាញខ្លួនក្នុងការហ្វឹកហាត់ជាមួយមិត្តរួមក្រុមសារជាថ្មីឡើងវិញកាលពីថ្ងៃទី១៥ ខែកញ្ញា ក្នុងការត្រៀមខ្លួនជួយក្រុមដែលដឹកនាំដោយលោក Emesto Valverde ប្រជែងដណ្តើមកៅអីនៃវគ្គសន្សំពិន្ទុប្រចាំពូល F ជាមួយក្រុមខ្លាំងនៃលីគអាល្លឺម៉ង់ Borussia Dortmund នៅថ្ងៃទី១៨ ខែកញ្ញា នៅទឹកដីអាល្លឺម៉ង់។

សម្រាប់ Lionel Messi ក៏ស្ថិតក្នុងការមិនច្បាស់លាស់ថា ចូលលេងបាន ១០០ភាគរយ ក្រោយបានខកខានការរត់លើទីលានប្រកួតអស់រយៈពេល ៤សប្តាហ៍មកហើយ ជាមួយក្រុមនៅតំបន់កាតាឡាំង FC Barcelona ដោយសារបញ្ហារបួសកំភួនជើងចាប់តាំងពីបើករដូវកាលថ្មី និងខកខានការពារតំណែងកីឡាកររកបានគ្រាប់ច្រើនជាងគេកាលពីរដូវកាលមុន ៣៦គ្រាប់៕