(សេអ៊ូល)៖ ការស្លាប់របស់តារាកូរ៉េស្រីវ័យ ២៥ឆ្នាំ Sulli ដែលត្រូវបានប៉ូលិសរាយការណ៍ថា មូលហេតុមកពីជំងឺបាក់ទឹកចិត្តនោះ បានជំរុញឲ្យសភាកូរ៉េខាងត្បូង ធ្វើសេចក្តីព្រាងច្បាប់មួយមានឈ្មោះថា «Sulli Law» សម្រាប់អនុវត្តឲ្យតឹងរឹងចំពោះការបញ្ចេញមតិអាក្រក់ៗក្នុងបណ្តាញសង្គម។ ការចេញសេចក្តីព្រាងច្បាប់នេះ បន្ទាប់ពី Sulli បានធ្វើអត្តឃាតតាមរយៈការចងកសម្លាប់ខ្លួន ដោយសារ Depression កាលពីថ្ងៃចន្ទដើមសប្តាហ៍។ នេះបើយោងតាមការដកស្រង់ការផ្សាយចេញពីព័ត៌មាន Soompi នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍ សេចក្តីព្រាងច្បាប់ «Sulli Law» ត្រូវបានធ្វើឡើងដោយសមាជិករដ្ឋសភាជាតិកូរ៉េខាងត្បូងចំនួន ៩នាក់។ បន្ថែមពីនេះ អ្នកតំណាងមកពីសមាគមសិល្បៈ និងវប្បធម៌ជាតិ សមាគមបាល់ទាត់តារា សហភាពការងារជាតិនៃនិយោជិកផ្នែកកម្សាន្ត សហព័ន្ធនិយោជិករបស់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាតារាល្បីៗដែលទទួលរងគ្រោះ ពីការផ្ដល់យោបល់មិនល្អធ្វើឲ្យប៉ះពាល់ផ្លូវចិត្តនាពេលកន្លងមក នឹងត្រូវចូលរួមជាមួយអនុគណៈកម្មាធិការ ដែលគ្រោងនឹងធ្វើការពិនិត្យច្បាប់នេះ នៅឯមជ្ឈមណ្ឌលរដ្ឋសភាផងដែរ។
អនុគណៈកម្មាធិការនឹងប្រមូលផ្តុំគ្នា ដើម្បីពិនិត្យឡើងវិញនូវព័ត៌មានលម្អិត និងប្រការដែលមាននៅក្នុង «Sulli Law» នៅពេលណាមួយនៅដើមខែធ្នូ មានន័យថា ៤៩ថ្ងៃ បន្ទាប់ពីការស្លាប់របស់តារាចម្រៀង/តារាសម្តែង Sulli (Choi Jin-ri)។
គួរជម្រាបថា មូលហេតុដែលធ្វើឲ្យមានការស្នើច្បាប់ថ្មី «ប្រឆាំងនឹងការបញ្ចេញមតិអាក្រក់ៗលើបណ្តាញសង្គម» គឺដោយសារតែមហាជនធ្វើការកត់សម្គាល់ថា តារាកូរ៉េជាច្រើនមានជំងឺបាក់ទឹកចិត្ត ដោយសារការរិះគន់ភ្ជាប់ជាមួយមតិអាក្រក់ពីជនអនាមិក រហូតសម្រេចចិត្តធ្វើអត្តឃាតខ្លួនឯង។ ក្នុងនោះ ក៏មានតារាមួយចំនួនក៏កំពុងទទួលរងសម្ពាធបែបនេះផងដែរ។ ដូច្នេះមហាជនសង្ឃឹមថា «Sulli Law» នឹងធ្វើឲ្យប្រជាជនកូរ៉េខាងត្បួងរួចផុតពី Depression ឬរួចផុតពីការរងនូវមតិអាក្រក់ពីមហាជន៕