(ម៉ានីល)៖ កីឡាករខ្សែប្រយុទ្ធពាក់លេខ១៤ កែវ សុខផេង បានបង្ហោះសារក្នុងន័យទទួលកំហុសរបស់ខ្លួន នៅពេលខកខានទាត់បាល់ប៉េណាល់ទីអត់ចូលគ្រាប់ទី៥ ឲ្យក្រុមយុវជនអាយុក្រោយ ២២ឆ្នាំកម្ពុជា ក្នុងការទាត់បាល់ប៉េណាល់កាត់សេចក្តីដណ្តើមមេដាយសំរឹទ្ធទល់នឹង U22 មីយ៉ាន់ម៉ានៅ SEA Games 2019 ដែលមានហ្វីលីពីនធ្វើម្ចាស់ផ្ទះ។
យោងតាមគេហទំព័រ Facebook ផ្លូវការរបស់ កែវ សុខផេង បានសរសេរថា «កំហុសគ្រប់យ៉ាងមកពីរូបខ្ញុំ» ក្រោយបញ្ចប់ការប្រកួតទល់នឹង U22 មីយ៉ាន់ម៉ា ទើបតែបាន ២នាទីនៅកីឡដ្ឋាន Rizal Memorial ស្ថិតនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីននាល្ងាចថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០១៩ នេះក្នុងការប្រជែងយកចំណាត់ថ្នាក់លេខ៣ ក៏ដូចជាមេដាយសំរឹទ្ធក្នុងព្រឹត្តិការណ៍ ២ឆ្នាំម្តងនេះផងដែរ។
គួរបញ្ជាក់ថា កីឡាករមានស្រុកកំណើតមកពីខេត្តក្រចេះ កែវ សុខផេង បានខកខានទាត់បាល់ប៉េណាល់ទីអត់ចូលទីជាលើកទី២ នៅ SEA Games 2019 នេះ បន្ទាប់ពីទាត់អត់ចូលដូចគ្នាកាលកម្ពុជា ចាញ់ U22 វៀតណាម ០-៤ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងជាខកខានប៉េណាល់ទីអត់ចូលលើកទី៣ របស់គេផងដែរ ទាំងក្នុងឈុតធំជម្រើសជាតិកម្ពុជា កាលប្រកួតចាញ់អ៊ីរ៉ង់ ១៤-០ ក្នុងវគ្គជម្រុះ World Cup 2022 នៅទឹកដីអ៊ីរ៉ង់នាខែតុលា ឆ្នាំ២០១៩ កន្លង។
សុខផេង ជាខ្សែប្រយុទ្ធដែលត្រូវបានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន Felix ដាក់ឲ្យចូលលេងក្នុងជម្រើស ១១នាក់គ្រប់ការប្រកួតនៅ SEA Games លើកទី៣០នេះ និងរកបាន ៤គ្រាប់ផងដែរ ក្នុងជំនួបដែលកម្ពុជាលេងស្មើទល់នឹងម្ចាស់ផ្ទះហ្វីលីពីន ១-១ ឈ្នះទីម័រខាងកើត ៥-០ ឈ្នះម៉ាឡេស៊ី ៣-១ និងស្មើពេញម៉ោង ៩០នាទីទល់នឹងមីយ៉ាន់ម៉ា ក្នុងវគ្គដណ្តើមមេដាយសំរឹទ្ធ ដែលកម្ពុជាចាញ់ដោយបាល់ប៉េណាល់ទីនេះ ៤-៥ ៕