(ភ្នំពេញ)៖ ការប្រកួតកីឡាអេឡិចត្រូនិក ROS KH Cup S2 រដូវកាលទី២ ឆ្នាំ២០១៩ បានបញ្ចប់ហើយ ក្រោយដំណើរការប្រកួតជាង ១ខែ ដោយជើងឯកបានទៅក្រុម Warrior បន្ទាប់ពីរកបានពិន្ទុសរុប ១,១៦០ពិន្ទុ។ ទន្ទឹមជាមួយគ្នា លោក ជា ច័ន្ទបូរិបូរណ៍ ប្រធានសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (E-Sport) បានចាត់ទុក ព្រឹត្តិការណ៍នេះ គឺជាឱកាសបង្កើនចំណេះដឹង និងការអប់រំសីលធម៌ដល់អ្នកចូលរួមប្រកួតទៀតផង។

រដ្ឋលេខាធិការក្រសួងព័ត៌មានខាងលើបានញ្ជាក់ថា «មានភារកិច្ចពីរ យើងបានធ្វើក្នុងការប្រកួតនេះ ទី១៖ បង្កើនចំណេះដឹងការលេង និងទី២៖ អប់រំសីលធម៌ដល់ពួកគាត់។ ដូចយើងដឹង ការលេងលើ Mobile ច្រើនតែក្មេង ខុសពីការលេងលើកុំព្យូទ័រច្រើនតែយុវជន អញ្ចឹងការធ្វើនេះ មិនត្រឹមតែបង្កឱកាសប្រកួត លក្ខណៈកីឡាទេ ថែមទាំងអប់រំសីលធម៌ថែមទៀត ព្រោះពួកគាត់នៅក្មេងជាក់ស្ដែងពេលខ្លះពួកគាត់ Comment ដាក់គ្នាពិបាកទទួលយក ចឹងយើងមានភារកិច្ច ២ ហ្នឹង...»

បើធៀបការរៀបចំពានរង្វាន់ ROS KH Cup កាលពីឆ្នាំ២០១៨ វិញ ឆ្នាំនេះការប្រកួតមានការចូលរួមកាន់តែច្រើន និងការលេងមានភាពរីកចម្រើនជាងមុន ប៉ុន្ដែធម្មតាកីឡា បើអត់មានការលេងច្រើន គឺអត់រីកចម្រើននោះទេ។ ហេតុនេះសហព័ន្ធនឹងបន្ដរៀបចំព្រឹត្តិការណ៍ផ្សេងៗកាន់តែច្រើនថែមទៀត ដើម្បីចម្រាញ់ជើងខ្លាំងទៅប្រកួត លើឆាកអន្ដរជាតិ ជាក់ស្ដែងក្រុមជយលាភីឆ្នាំនេះ ក៏ត្រៀមចូលរួមប្រកួតពានរង្វាន់អន្ដរជាតិ RGS SEA នាពេលខាងមុខផងដែរ។ លោក ជា ច័ន្ទបូរិបូរណ៍ បន្ថែម។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់ជាតិដែលសហការរៀបចំជាមួយក្រុមហ៊ុន NetEase នេះ បានចាប់ផ្ដើមប្រកួត តាំងពីដើមខែវិច្ឆិកាមកម្ល៉េះ ដោយមានកីឡាករចូលរួមសរុប ៤៤២ក្រុមចូលរួមប្រកួតប្រជែង ដែលមានប្រាក់ រង្វាន់សរុប ៥០លានរៀល។ ជាលទ្ធផលក្រោយបញ្ចប់កាលពីល្ងាចមិញ ក្រុម Warrior បានគ្រងជើងឯក អមដោយប្រាក់រង្វាន់ ២០លានរៀល, ក្រុម NRX Cambodia ទទួលបានលេខ២ អមដោយប្រាក់រង្វាន់ ៨លានរៀល និងលេខ៣ បានទៅក្រុម VIPERS ទទួលបានប្រាក់រង្វាន់ ៥លានរៀល៕