(ភ្នំពេញ)៖ ទីបំផុតខ្សែប្រយុទ្ធវ័យក្មេង វុធ តុលា ត្រូវបានបង្ហាញទ្រនំថ្មី ដើម្បីបន្ដអាជីពរបស់ខ្លួនជាផ្លូវការហើយ គឺក្រុមកំពូលតារាងវិសាខា បន្ទាប់ពីមានព័ត៌មានចរចាមអារ៉ាមអំពីការចាកចេញពីក្រុមបាល់ទាត់ខេត្តព្រៃវែងកាលពីថ្មីៗ។ នេះបើយោងតាមបញ្ជីឈ្មោះកីឡាករត្រៀមការប្រកួតជុំទី២ របស់ក្លិបទាំង១២ ដែលផ្ដល់ដោយគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) នៅល្ងាចថ្ងៃទី១៧ ខែកញ្ញានេះ។

គួរដឹងថា អ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង ចំពោះការអវត្តមានរបស់ វុធ តុលា ជាមួយក្រុមព្រៃវែងតាំងពីមុនរូបគេ ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតជម្រុះ World Cup នៅប្រទេសបារ៉ែន រហូតដល់ចប់ការប្រកួតជុំទី១ នៃលីគកំពូលកម្ពុជា។ បន្ទាប់មកទើបបែកធ្លាយព័ត៌មានពីការចាកចេញរបស់ខ្សែប្រយុទ្ធវ័យក្មេងរូបនេះ តែពុំមានការបង្ហាញអត្តសញ្ញាណក្លិបថ្មីឡើយ សូម្បីតែរូបគេផ្ទេរចូលក្រុមវិសាខារួចរាល់ហើយក៏ដោយ។

រហូតដល់ល្ងាចថ្ងៃសុក្រ ទើបគេឃើញវត្តមានម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០២០ វុធ តុលា ស្ថិតក្នុងបញ្ជីកីឡាករត្រៀមការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជារបស់ក្រុមវិសាខា ដែលបានន័យថា តុលា បានត្រឡប់ទៅទ្រនំចាស់វិញ ដ្បិតអតីយុវជនសាលាបាល់ទាត់ជាតិបាទីរូបនេះ ក៏ធ្លាប់ជាសមាជិកក្រុមយុវជន U17 វិសាខា និងធ្លាប់ទទួលបានឱកាសជួយក្រុមក្នុងការប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ឆ្នាំ២០១៩ ទៀតផង។

ដូច្នេះវិសាខា បាននាំចូលកីឡាករថ្មី ៥រូបសម្រាប់ត្រៀមការប្រកួតជុំទី២ នៃលីគកំពូលកម្ពុជាដែលពួកគេនឹងត្រូវបើកទ្វារទទួលក្រុមបឹងកេតថ្ងៃនេះ ពោលគឺក្រៅពី វុធ តុលា គឺមានខ្សែប្រយុទ្ធប្រេស៊ីល Cristian Alex, ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee JaeGun, ខ្សែការពារ ទេស សម្បត្តិ ផ្ទេរមកពីក្រុមនាគខៀវបឹងកេត និងខ្សែការពារ ញឹម លីហួរ ដែលផ្ទេរមកពីខេត្តព្រៃវែងដែរ៕