(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបាននិយាយថា ទីក្រុងម៉ូស្គូនឹងបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យ ប្រទេសស៊ីរី នៅរយៈពេល២សប្ដាហ៍ខាងមុខនេះ ហើយការសម្រេចចិត្តនេះគឺជាការឆ្លើយតបមួយទៅនឹងការបាញ់ទម្លាក់យន្ដហោះ យោធារុស្ស៊ី Il-20 នៅស៊ីរី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី២៤ ខែកញ្ញា ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ក្រសួងការពារជាតិរុស្ស៊ីក៏បានអះអាងដែរថា ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 នឹងជួយ បង្កើនសមត្ថភាពកងទ័ពអាកាសស៊ីរី ជាពិសេសគឺទប់ស្កាត់មិនឱ្យយន្ដហោះចម្បាំងរបស់សត្រូវ ហោះចូលក្នុងដែនអាកាសស៊ីរី តែម្ដង។ សេចក្ដីថ្លែងការណ៍នេះបានបញ្ជាក់ដូច្នេះថា៖«កាលពីឆ្នាំ២០១៣ ដោយមានសំណើពីអ៊ីស្រាអែល រុស្ស៊ីបានសម្រេចចិត្ត ផ្អាកការប្រគល់ S-300 ឱ្យស៊ីរី...ប៉ុន្តែបច្ចុប្បន្នស្ថានភាពបានផ្លាស់ប្ដូរ ហើយវាមិនមែនជាកំហុសរបស់យើងនោះទេ»។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ យន្ដហោះយោធារុស្ស៊ី Il-20 ត្រូវបានកងទ័ពអាកាសស៊ីរីបាញ់ទម្លាក់ដោយភ័ន្ដច្រឡំ ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់។ ប៉ុន្តែ ទីក្រុងម៉ូស្គូ បានបន្ទោសអ៊ីស្រាអែលជាអ្នកទទួលខុសត្រូវ ដ្បិតហេតុការណ៍នេះកើត ឡើងនៅអំឡុងពេលដែលយន្ដហោះចម្បាំងអ៊ីស្រាអែល បើកប្រតិបត្តិការវាយឆ្មក់លើមូលដ្ឋានទ័ពស៊ីរី៕