(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹងថាទិន្នន័យរបស់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 បានបង្ហាញយ៉ាងច្បាស់ថា អ៉ីស្រាអែលគឺជាអ្នកទទួលខុសត្រូវចំពោះការបាញ់ទម្លាក់យន្ដហោះយោធារុស្ស៊ី ដោយភ័ន្ដច្រឡំពីសំណាក់កងទ័ពអាកាសស៊ីរី។ នេះ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមក្រសួងការពារជាតិរុស្ស៊ី កងទ័ពអាកាសស៊ីរីបានច្រឡំដៃបាញ់ទម្លាក់យន្ដហោះយោធារុស្ស៉ី Il-20 គឺដោយសារតែ យន្ដហោះចម្បាំងអ៊ីស្រាអែល F-16 ពួននៅពីក្រោយយន្ដហោះយោធាមួយនេះ នៅអំឡុងពេលដែលខ្លួនកំពុងធ្វើប្រតិបត្តិការវាយ ឆ្មក់ប្រឆាំងនឹងមូលដ្ឋានទ័ពស៊ីរី។ ការអះអាងបែបនេះរបស់ក្រសួងការពារជាតិរុស្ស៉ីគឺធ្វើឡើងដោយផ្អែកលើទិន្នន័យថតជាប់ដោយ ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ដែលតម្លើងនៅឯមូលដ្ឋានទ័ពអាកាសរុស្ស៊ី Khmeimim ក្នុងខេត្ត Latakia ប្រទេសស៊ីរី។ ក៏ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។
គួររំលឹកថា កាលពីថ្ងៃទី១៧ ខែកញ្ញាកន្លងទៅ យន្ដហោះយោធារុស្ស៊ី Il-20 ត្រូវបានកងទ័ពអាកាសស៊ីរីបាញ់ទម្លាក់ដោយភ័ន្ដច្រឡំ ដោយផ្ដាច់ជីវិតយោធារុស្ស៊ី១៥នាក់។ ប៉ុន្តែទនឹ្ទមគ្នា ទីក្រុងម៉ូស្គូ បានបន្ទោសអ៉ីស្រាអែលជាអ្នកទទួលខុសត្រូវ ដ្បិតហេតុការណ៍នេះ កើតឡើងនៅអំឡុងពេលដែលយន្ដហោះចម្បាំងអ៊ីស្រាអែល បើកប្រតិបត្តិការវាយឆ្មក់លើមូលដ្ឋានទ័ពស៊ីរី។
លើសពីនេះទៅទៀត ដោយសារតែឧប្បទ្ទវហេតុនេះ ក្រសួងការពារជាតិរុស្ស៊ី កាលពីចន្ទម្សិលមិញ បានសម្រេចចិត្តថានឹងបញ្ជូន ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-300 ឱ្យប្រទេសស៊ីរី នៅរយៈពេល២សប្ដាហ៍ខាងមុខនេះក្នុងគោលបំណងបង្កើនសមត្ថភាព ប្រព័ន្ធការពារដែនអាកាសស៊ីរី និងទប់ស្កាត់ការហោះចូល ក្នុងដែនអាកាសស៊ីរី ពីសំណាក់យន្ដហោះចម្បាំងនានា នៅក្នុងករណីចំាបាច់៕