(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានយល់ព្រមអនុម័តហើយលើការលក់យន្ដហោះចម្បាំង F-16 និងបរិក្ខាយោធាដទៃ ទៀតមានតម្លៃ ៣៣០លានដុល្លារឱ្យកោះតៃវ៉ាន់ បើទោះជាមានការព្រមានជាច្រើនដង ពីសំណាក់ទីក្រុងប៉េកាំងក៏ដោយ។ នេះបើតាមមន្ទីរបញ្ចកោណដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
មន្ទីរបញ្ចកោណបានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃចន្ទសប្ដាហ៍នេះថា ការលក់អាវុធនេះនឹងអាចជួយ ដល់កោះតៃវ៉ាន់ក្នុងការបង្កើនសមត្ថភាពការពារជាតិ និងសន្តិសុខ ដើម្បីប្រឈមមុខនឹងការគំរាមកំហែងផ្នែកយោធានៅក្នុងតំបន់។ មួយវិញទៀតបើតាមមន្ទីរបញ្ចកោណ ការលក់អាវុធ និងបរិកា្ខយោធាមានតម្លៃ ៣៣០លានដុល្លារនេះ គឺមានជាប់ពាក់ព័ន្ធនឹងការលក់យន្ដហោះចម្បាំង F-16 C-130, F-5 ព្រមទាំងបរិក្ខាយោធា និងសេវាកម្មដទៃទៀត។
គួសបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងប៉េកាំង បានសម្ដែងការប្រឆាំងជំទាស់ជារឿយៗ នឹងការគំរោងលក់របស់សហរដ្ឋអាមេរិក ឱ្យកោះតៃវ៉ាន់ដែលខ្លួនចាត់ទុកថា គ្រាន់តែខេត្តមួយរបស់ចិនតែប៉ុណ្ណោះ។ លើសពីនេះទៅទៀតប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏ធ្លាប់បានប្រាប់រដ្ឋមន្ត្រីការពារជាតិអាមេរិក កាលពីខែមិថុនាកន្លងទៅដែរថា ទីក្រុងប៉េកាំងប្ដេជ្ញាចិត្តជានិច្ចក្នុងការចូលរួមថែរក្សាសន្តិភាព ប៉ុន្តែចិនមិនបោះបង់ចោលទឹកដីសូម្បីតែមួយមីលីម៉ែត្រ ដែលបុព្វបុរសចិនបន្សល់ទុកឱ្យនោះទេ៕