(វ៉ាស៊ីនតោន)៖ សហស្ថាបនិកក្រុមហ៊ុន Instagram ដែលជាចំណុះរបស់ Facebook គឺលោក ខេវិន ស៊ីស្ត្រូម (Kevin Systrom) និងលោក ម៉ៃក៍ គ្រីហ្គឺ (Mike Krieger) បានសម្រេចចិត្តលាលែងពីតំណែង ហើយអ្នកទាំងពីរនឹងត្រូវចាកចេញពីក្រុមហ៊ុន Instagram ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខនេះ។ នេះបើតាម New York Times ដកស្រង់ដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
សារព័ត៌មាន New York Times ចុះផ្សាយពីព័ត៌មាននេះដោយផ្អែកលើប្រភព ដែលដឹងលឺពីការលាលែងតំណែងរបស់ស្ថាបនិកទាំងពីរនាក់ ដែលខ្លួនទទួលបាន។ ប៉ុន្តែមកទល់នឹងពេលនេះ Facebook និង Instagram មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ ហើយក៏មិនទាន់មានការបញ្ជាក់ពីមូលហេតុ នៃការលាលែងតំណែងនេះដែរ។
គួរជម្រាបថា លោក Kevin Systrom គឺជានាយកប្រតិបត្តិ រីឯលោក Mike Krieger គឺជានាយកបច្ចេកទេសរបស់ក្រុមហ៊ុន Instagram ដែលគ្រប់គ្នាបានដឹងថា ជាចំណុះរបស់បណ្តាញសង្គមយក្សលេខ ១ លើលោកគឺ Facebook គ្រប់គ្រងដោយស្ថាបនិកវ័យក្មេងលោក ម៉ាក ហ្សាក់ខឺប៊ឺក៕