(ប៉េកាំង)៖ កិច្ចចរចាពាណិជ្ជកម្មរវាងចិន និងសហរដ្ឋអាមេរិកបានដំណើរការទៅយ៉ាងលំបាកលំបិន ដោយសារតែសហរដ្ឋអាមេរិកកំពុងយកកាំភ្លើងមកភ្ជង់ក្បាលរបស់ចិន។ នេះគឺជាការលើកឡើងរបស់អនុរដ្ឋមន្ត្រីពាណិជ្ជកម្មចិន លោក វ៉ាង ហ្សូវិន (Wang Shouwen) ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
លោក វ៉ាង ហ្សូវិន (Wang Shouwen) ថ្លែងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយនៅអង្គារនេះ។ លោក Wang បានគូសបញ្ជាក់យ៉ាងដូច្នេះថា «កិច្ចចរចាអាចចាប់ផ្ដើមឡើងវិញទាំងស្រុង គឺអាស្រ័យទៅលើឆន្ទៈសហរដ្ឋអាមេរិក... ហើយក៏គ្មាននរណាម្នាក់អាចនិយាយបានដែរថា កិច្ចចរចាពាណិជ្ជកម្មមុនគ្មានប្រយោជន៍ ប៉ុន្តែមកពីសហរដ្ឋអាមេរិកខ្លួនឯង ដែលបោះបង់ចោលការយោគយល់គ្នាទៅវិញ
ទៅមកជាមួយចិន»។
គួរបញ្ជាក់ថា ការដំឡើងពន្ធសងសឹកដាក់គ្នារវាងសហរដ្ឋអាមេរិក និងចិន បានចូលជាធរមានហើយកាលពីថ្ងៃចន្ទ ទី២៤ ខែកញ្ញា ម្សិលមិញ។ ការដំឡើងពន្ធរបស់សហរអាមេរិក ទៅលើទំនិញនាំចូលពីចិនមានទំហំប្រមាណ ២០០ពាន់លានដុល្លារ រីឯការដំឡើងពន្ធសងសឹកពីប្រទេសចិនទៅលើផលិតផលរបស់សហរដ្ឋអាមេរិកវិញគឺស្ថិតក្នុងទំហំ ៦០ពាន់លានដុល្លារ។
បន្ថែមពីខាងលើនេះ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រមានចិនថា បើនៅតែហ៊ានតដៃនោះទីក្រុងវ៉ាស៊ីនតោននឹងដំឡើពន្ធបន្ថែមរហូតដល់ ២៦៧ពាន់លានដុល្លារ៕