(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ ម៉ូហាម៉េដ (Mahathir Mohamad) បាននិយាយថា ជនពុករលួយទាំងអស់ត្រូវតែទទួលការកាត់ទោស ប៉ុន្តែទន្ទឹមគ្នាលោកមិនរំពឹងឡើយថា ម៉ាឡេស៊ីអាចនឹងមានច្បាប់ដាក់ពន្ធនាគារអស់មួយជីវិត ឬកាត់ទោសប្រហារជីវិតលើមេដឹកនាំ ពុករលួយនោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
លោក Mohamad បានលើកឡើងយ៉ាងដូច្នេះថា «ជនពុករលួយទាំងអស់ត្រូវតែទទួលការកាត់ទោស ហើយរយៈពេលដែលពួកគេត្រូវទទួលទោស គឺអាស្រ័យលើទំហំនៃអំពើពុករលួយ ពោលគឺខ្ញុំគិតថា អំពើពុករលួយធ្ងន់ធ្ងរត្រូវតែទទួលទោសធ្ងន់ធ្ងរ ហើយស្រាលត្រូវ តែទទួលកម្រិតស្រាល។ ក៏ប៉ុន្តែខ្ញុំមិនគិតឡើយថា ម៉ាឡេស៊ីអាចនឹងមានច្បាប់ដាក់ពន្ធនាគារអស់មួយជីវិត ឬកាត់ទោសប្រហារជីវិតលើមេដឹកនាំពុករលួយ»។
គួរជម្រាបថា ការលើកឡើងខាងលើរបស់លោក Mahathir Mohamad ធ្វើឡើងជាការឆ្លើយតបនឹងសំណួមួយថា តើលោកគាំទ្រឱ្យមានការកាត់ទោសប្រហារជីវិត លើមេដឹកនាំពុករលួយដែរឬទេ? បន្ទាប់ពីលោកថ្លែងសុន្ទរកថាមួយ ស្ដីពីអភិបាលកិច្ចល្អនៅឯមជ្ឈមណ្ឌល Oxford សម្រាប់ការសិក្សាពីអ៊ីស្លាមក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេសនៅថ្ងៃចន្ទសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់)៕