(ប៉េកាំង)៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅស ស្តីពីការពិតនៃវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ក៏ដូចជាគោលជំហររបស់ភាគីទីក្រុងប៉េកាំង ដែលមានគោលដៅបំភ្លឺការពិតនៃទំនាក់ទំនងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដើម្បីជំរុញរកការដោះស្រាយបញ្ហាដោយសមហេតុផល។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២៥ ខែកញ្ញា ឆ្នាំ២០១៨។
សៀវភៅសខាងលើបាននិយាយថា ខណៈដែលសហរដ្ឋអាមេរិកបានបង្កបញ្ហាទំនាស់ពាណិជ្ជកម្មឥតឈប់ឈរ ប្រទេសចិនបានគិតគូរពីការគាំពារផលប្រយោជន៍រួម រវាងប្រទេសទាំងពីរ និងរបៀបរៀបរយពាណិជ្ជកម្មពិភពលោក ប្រកាន់ខ្ជាប់គោលការណ៍មូលដ្ឋាននៃការដោះស្រាយការវិវាទតាមរយៈការចរចា ហើយយកការអត់ធ្មត់ និងភាពស្មោះត្រង់ធំបំផុត ដែលឆ្លើយតបទៅនឹងកង្វល់របស់សហរដ្ឋអាមេរិក និងដោះស្រាយការវិវាទដោយសមរម្យដោយកាន់អាកប្បកិរិយា ស្វែងរកមូលដ្ឋានដូចគ្នានៅពេលមានភាពខុសគ្នា ក៏ដូចជាពុះពារឧបសគ្គគ្រប់បែបយ៉ាងធ្វើការចរចា និងការពិគ្រោះពិភាក្សាជាច្រើនលើកជាមួយសហរដ្ឋអាមេរិក ព្រមទាំងលើកឡើងគម្រោងដោះស្រាយជាក់ស្តែង ហើយបានខិតខំប្រឹងប្រែងដ៏រឹងមាំដើម្បីស្ថិរភាពនៃ ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីផងដែរ ។
យ៉ាងណាមិញ សហរដ្ឋអាមេរិកតែងតែប្រែប្រួល ហើយបង្ករឿងហេតុឥតឈប់ឈរ បណ្តាលឲ្យវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្ម រវាងចិននិងសហរដ្ឋអាមេរិក បន្តកើនឡើងក្នុងរយៈពេលខ្លី ធ្វើឲ្យទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលនិងប្រជាជនប្រទេសទាំងពីរ បានបង្កើតឡើងដោយខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំ រងការខូចខាតយ៉ាងខ្លាំង ហើយក៏ធ្វើឲ្យប្រព័ន្ធពាណិជ្ជកម្មពហុភាគីនិងគោលការណ៍ពាណិជ្ជកម្មសេរីរងការគំរាមកំហែងដ៏ធ្ងន់ធ្ងរផងដែរ ។
ដើម្បីបំភ្លឺការពិតនៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងចិននិងសហរដ្ឋអាមេរិក និងអធិប្បាយអំពីគោលនយោបាយនិងគោលជំហររបស់ចិន អំពីការវិវាទផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មចិននិងសហរដ្ឋអាមេរិក រួមទាំងជំរុញការដោះស្រាយបញ្ហាដោយសមហេតុផល រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសនេះជាពិសេស ។
សៀវភៅសនេះចង្អុលបង្ហាញថា ចំពោះប្រទេសចិននិងសហរដ្ឋអាមេរិក កិច្ចសហប្រតិបត្តិការជាជម្រើសដ៏ត្រឹមត្រូវតែមួយគត់ ដែលមានតែឈ្នះ-ឈ្នះទើបអាចឆ្ពោះទៅកាន់អនាគតកាន់តែល្អប្រសើរឡើង ។ គោលជំហររបស់ចិនគឺច្បាស់លាស់ ជាប់រហូតនិងម៉ឺងម៉ាត់៕