(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា រដ្ឋបាលនៃអតីតប្រធានាធិបតីអាមេរិកលោក បារ៉ាក់ អូបាម៉ា ជិតឈានដល់ការបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង នៅក្នុងអាណត្តិរបស់ខ្លួន ហើយថាបើលោកមិនបានជាប់ឆ្នោត ជាប្រធានាធិបតីអាមេរិកទេនោះ ម្ល៉េះសង្រ្គាមនេះផ្ទុះឡើងបាត់ទៅហើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ លើកឡើងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយថ្ងៃពុធ សប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងញូយ៉ក)។ ថ្លែងនាឱកាសនោះ ប្រធានាធិបតីអាមេរិករូបនេះបានគូសបញ្ជាក់យ៉ាងដូច្នេះថា «អតីតប្រធានាធិបតី លោក អូបាម៉ា ធ្លាប់ជិតឈានដល់ការបំផ្ទុះសង្រ្គាម ជាមួយកូរ៉េខាងជើងទៅហើយ។ សង្រ្គាមនេះមិនមែនត្រឹមនឹងសម្លាប់មនុស្សរាប់ពាន់នាក់នោះទេ ពោលបើវាផ្ទុះឡើង មនុស្សរាប់លាននាក់នឹងត្រូវរងការកាប់សម្លាប់ ហើយវាអាចនឹងបង្កជាសង្រ្គាមលោកថ្មីមួយក៏ថាបាន... ប៉ុន្តែសំណាងល្អដែលខ្ញុំបានជាប់ឆ្នោតជាប្រធានាធិបតី អាមេរិក និងប្រើប្រាស់ទំនាក់ទំនងជាមួយលោក គីម ជុងអ៊ុន ទប់ស្កាត់សង្រ្គាមនេះមិនឱ្យផ្ទុះឡើង»។
គួរជម្រាបថា នេះមិនមែនជាលើកទីមួយឡើយដែលលោក ដូណាល់ ត្រាំ អះអាងបែបនេះ។ ជាក់ស្ដែងនៅក្រោយជំនួបជាមួយលោក គីម កាលពីខែមិថុនា ក្នុងប្រទេសសិង្ហបុរី លោកក៏ធ្លាប់និយាយដែរថា លោក អូបាម៉ា ជិតបំផ្ទុះសង្រ្គាមជាមួយកូរ៉េខាងជើង នៅមុនលោកបញ្ចប់អណត្តិជាប្រធានាធិបតី។
ក៏ប៉ុន្តែបើគេចាំមិនភ្លេច កាលពីអំឡុងសុន្ទរកថា នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិកាលពីឆ្នាំ២០១៧ លោក ដូណាល់ ត្រាំ ខ្លួនឯងទៅវិញទេដែលគំរាមធ្វើសង្រ្គាម និងកម្ទេចទីក្រុងព្យុងយ៉ាងឱ្យក្លាយជាផេះ តាមរយៈការអួតពីប៊ូតុងនុយក្លេអ៊ែរជាមួយ លោក គីម ជុងអ៊ុន ដែលលោកធ្លាប់ហៅថា បុរសគ្រាប់រ៉ុក្កែត៕