(ម៉ូស្គូ)៖ ប្រជាជនស៊ីរីជិត ១.៥លាននាក់ ដែលបានភៀសខ្លួនទៅក្រៅប្រទេស និងនៅក្នុងប្រទេសបានត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញហើយ ក្រោមជំនួយគាំទ្រពីសហគមន៍អន្តរជាតិ។ នេះបើតាមមន្ត្រីយោធារុស្ស៊ីម្នាក់ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
យោងតាមលោក យ៉េវហ្គែនី អ៊ីលយីន (Yevgeny Ilyin) ជាតំណាងរុស្ស៊ីទទួលបន្ទុកជនភៀសខ្លួនស៊ីរីប្រជាជនស៊ីរី ២៥០,០០០នាក់ ដែលបានរត់ភៀសខ្លួនទៅក្រៅប្រទេសដោយសារសង្រ្គាម បានត្រឡប់មកកាន់ប្រទេសស៊ីរីវិញ។ លោក Ilyin បានបន្ថែមទៀតថា ការធ្វើមាតុភូមនិវត្តន៍ ធ្វើឡើងដោយសារតែមានកិច្ចខិតខំប្រឹងប្រែងពីសហគមន៍អន្តរជាតិ ខណៈសាលារៀន ហាងទំនិញស្ថានីយផ្គត់ផ្គង់ទឹកស្អាត អគ្គិសនី និងមន្ទីរពេទ្យ រួមទាំងហេដ្ឋានរចនាសម្ព័ន្ធជាច្រើន ត្រូវបានស្ដារឡើងវិញនៅតាមតំបន់រំដោះចំនួន ២១៦កន្លែង។
គួរបញ្ជាក់ថា ការលើកឡើងរបស់លោក Yevgeny Ilyin ធ្វើឡើងនៅក្នុងកិច្ចប្រជុំអន្តរក្រសួងនៅថ្ងៃពុធសប្ដាហ៍នេះ ពាក់ព័ន្ធនឹង ស្ថានភាពជនភៀសខ្លួនស៊ីរី៕