(ការ៉ាកាស់)៖ វេណេស៊ុយអេឡាបានប្រកាសថ្កោលទោសយ៉ាងពេញទំហឹង ទៅលើសេចក្តីថ្លែងការណ៍បែបជ្រៀតជ្រែក និងស្រេកឃ្លានសង្រ្គាមរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ក្រសួងការបរទេសវេណេស៊ុយអេឡាបានលើកឡើងថា សេចក្តីថ្លែងការណ៍ថ្មីៗនេះ ធ្វើឡើងដោយលោក ដូណាល់ ត្រាំ មានចេតនាចង់បំផ្ទុះការបះបោរយោធានៅក្នុងប្រទេសអាមេរិកឡាទីនមួយនេះ។ ការថ្កោលទោសរបស់ទីក្រុងការ៉ាស់ បានធ្វើឡើងបន្ទាប់ពីលោក ត្រាំ បាននិយាយថា រដ្ឋបាលប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ អាចត្រូវផ្តួលរំលំបានយ៉ាងងាយ និងលឿនបំផុតប្រសិនបើកម្លាំងយោធា ជ្រើសរើសធ្វើយ៉ាងដូច្នោះ។
ក្រៅពីនេះលោកប្រធានាធិបតីអាមេរិកបានបញ្ជាក់ថា រូបលោកបើកទ្វារចំហដើម្បីជួបជាមួយលោក ម៉ាឌូរ៉ូ ដោយមានគ្រប់ជម្រើសទាំងអស់នៅលើតុចរចា ខណៈក្នុងនោះមានទាំងជម្រើសខ្លាំង និងមិនសូវខ្លាំង ហើយលោក ត្រាំ បានព្រលយថា មនុស្សគ្រប់គ្នាដឹងច្បាស់ហើយថា លោកចង់មានន័យយ៉ាងម៉េច តាមរយៈជម្រើសខ្លាំងនោះ។
គួរជម្រាបថា កាលពីឆ្នាំទៅលោក ត្រាំ ធ្លាប់បាននិយាយថា ជម្រើសនៃការប្រើកម្លាំងយោធានៅវេណេស៊ុយអេឡា មិនអាចមើលរំលងបានឡើយ នៅក្នុងករណីចាំបាច់ ទោះបីជាមន្រ្តីជំនិតលោកបានសម្តែងការជំទាស់ក៏ដោយ។ ហើយនាពេលកន្លងទៅនេះ ទីក្រុងវ៉ាស៊ីនតោនក៏បានដាក់ទណកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា ចាប់ពីពេលនោះមកផងដែរ។
ប្រទេសប្រេងនៅអាមេរិកខាងត្បូងមួយនេះ បាននិងកំពុងតែរងទុកលំបាក ដោយសារវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ចាប់តាំងពីតម្លៃប្រេងឆៅបានដាំក្បាលចុះក្នុងទីផ្សារអន្តរជាតិ។ គិតត្រឹមខែសីហាកន្លងទៅនេះ អង្គការសហប្រជាជាតិបានឲ្យដឹងថា ប្រជាជន ២.៣លាននាក់ បានភៀសខ្លួនចេញពីវេណេស៊ុយអេឡា ដោយភាគច្រើនទៅកាន់កូឡុំប៊ី អេក្វាឌ័រ ប៉េរូ និងប្រេស៊ីល៕