(ញូយ៉ក)៖ បន្ទាប់ពីទើបបង្កបញ្ហាធ្ងន់ធ្ងរបន្ថែមដល់ចិន តាមរយៈការដំឡើងពន្ធជាង ២០០ពាន់លានដុល្លារ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅថ្ងៃពុធសប្ដាហ៍នេះបានទទួលស្គាល់ថា ទំនាក់ទំនងរវាងលោក និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង អាចនឹងបញ្ចប់គ្រប់ពេលវេលា ដោយសារតែទីក្រុងប៉េកាំងព្យាយាមលូកដៃចូលក្នុងកិច្ចការបោះឆ្នោតសភាអាមេរិកពាក់កណ្ដាលអាណត្តិ ដែលគ្រោងនឹងធ្វើឡើងនៅខែវិច្ឆិកាខាងមុខ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
លោក ដូណាល់ ត្រាំ ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ ក្រោយបញ្ចប់សុន្ទកថារបស់លោក នៅឯក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងទីក្រុងញូយ៉ក។ ថ្លែងដោយគ្មានបញ្ជាក់ភស្ដុតាង លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «លោក ស៊ី ជិនពីង អាចនឹងមិនមែនជាមិត្តរបស់ខ្ញុំ។ ប៉ុន្តែខ្ញុំគិតថាគាត់អាចនឹងនៅតែគោរពខ្ញុំ... ហើយរឿងកាន់តែសោកស្ដាយជាងនេះ ទៅទៀតគឺថាពួកយើងបានរកឃើញថា ចិនបាន និងកំពុងព្យាយាមលូកដៃចូលក្នុងកិច្ចការបោះឆ្នោតសភាពាក់កណ្ដាលអណត្តិ នៅខែវិច្ឆិកាខាងមុខនេះ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលរបស់ខ្ញុំ។ ពីព្រោះពួកគេមិនចង់ឱ្យខ្ញុំឈ្នះ ដោយសារតែខ្ញុំគឺជាប្រធានាធិបតី អាមេរិកតែម្នាក់គគ់ដែលហ៊ានប្រឈមុខជាមួយចិន ក្នុងជម្លោះពាណិជ្ជកម្ម»។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ ធ្លាប់ហៅលោក ស៊ី ជិនពីង ថាមិត្តល្អម្នាក់របស់លោកពេញៗមាត់ សម្រាប់ការចូលរួមដាក់សម្ពាធ ប្រឆាំងនឹងកូរ៉េខាងជើង។ ប៉ុន្តែទំនាក់ទំនងល្អនេះបានត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ វាក៏ប្រែជាល្អក់កករវិញបន្ទាប់ពីលោកត្រាំ ប្រកាសដំឡើងពន្ធលើការនាំចូលដែកថែប និងអាលុយមីញ៉ូម។ ម្យ៉ាងវិញទៀត រឹតតែអាក្រក់ទៅទៀតនោះគឺថា ការដំឡើងពន្ធ ២០០ពាន់ លានដុល្លារលើផលិតផលនាំចូលពីចិនរបស់សហរដ្ឋអាមេរិក បានចូលជាធរមានហើយកាលពីថ្ងៃចន្ទ ខណៈចិនសងសឹក ជាមួយការដំឡើងពន្ធ ៦០ពាន់លានដុល្លារ៕