(វ៉ាស៊ីនតោន)៖ សភាតំណាងរាស្រ្តអាមេរិក បានអនុម័តកញ្ចប់ថវិកាប្រមាណ ៨៥៤ពាន់លានដុល្លារ សម្រាប់ទ្រទ្រង់ដំណើរការរបស់រដ្ឋាភិបាល ដើម្បីបញ្ចៀសកុំឲ្យមានការបិទទ្វារជាថ្មីម្តងទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
សេចក្តីព្រាងកញ្ចប់ថវិកាខាងលើ ត្រូវបានអនុម័តក្នុងសំឡេងភាគច្រើនលើសលុប ដោយ ៣៦១សំឡេងគាំទ្រ និងមានត្រឹមតែ ៦១សំឡេងប៉ុណ្ណោះដែលប្រឆាំង ដោយវាបានសម្រេចឡើងនៅមួយសប្តាហ៍ ក្រោយពីព្រឹទ្ធសភាអាមេរិកបានអនុម័តកញ្ចប់ថវិកាដូចគ្នានេះ ជាមួយសំឡេងភាគច្រើន ៩៣សំឡេង ទល់នឹង ០៧សំឡេង។
គួរជម្រាបថា កញ្ចប់ថវិកាខាងលើផ្តល់ការទ្រទ្រង់ហិរញ្ញវត្ថុសម្រាប់រយៈពេលមួយឆ្នាំពេញ នៃឆ្នាំសារពើពន្ធ២០១៩ ដល់ក្រសួងការពារជាតិ ក្រសួងការងារ និងក្រសួងសុខាភិបាល ក៏ដូចជាក្រសួងអប់រំ ហើយសម្រាប់រយៈពេលពីរខែ ក្នុងការផ្តត់ផ្គង់ដល់បណ្តាស្ថាប័នរដ្ឋ។ ជាមួយគ្នានេះ ទោះបីជាធ្លាប់បានព្រមានបង្ខំឲ្យបិទរដ្ឋាភិបាលក៏ដោយ លោក ដូណាល់ ត្រាំ បានថ្លែងនៅឯអង្គការសហប្រជាជាតិថា លោកនឹងបន្តរក្សាឲ្យរដ្ឋាភិបាល ដំណើរការទៅមុខធម្មតាដដែល៕