(យូអិន)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីឆន្ទៈក្នុងការជួបចរចាគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបន្តដាក់ទណ្ឌកម្មមកលើរដ្ឋាភិបាលរបស់លោក តាំងតែពីឆ្នាំ២០១៧មក។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងក្នុងវេទិកាជជែកដេញដោល នៃមហាសន្និបាតអង្គការសហប្រជាជាតិ នៅឯទីក្រុងញូយ៉ក សហរដ្ឋអាមេរិក លោក ម៉ាឌូរ៉ូ បានលើកឡើងថា ទោះបីជាមានភាពខុសគ្នាខ្លាំងទាំងផ្នែកប្រវត្តិសាស្រ្ត មនោគមន៍វិជ្ជា និងសង្គមក៏ដោយ រូបលោកនឹងសុខចិត្តជួបមុខនិយាយគ្នាជាមួយលោក ដូណាល់ ត្រាំ។
គួរជម្រាបថា ការបង្ហាញឆន្ទៈរបស់លោក ម៉ាឌូរ៉ូ បានកើតមានឡើងបន្ទាប់ពីលោក ដូណាល់ ត្រាំ ថ្លែងក្នុងវេទិកាខាងលើដូចគ្នា បានធ្វើការរិះគន់ទៅលើលោក ម៉ាឌូរ៉ូ និងបានប្រកាសអំពីកញ្ចប់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរដ្ឋាភិបាលវេណេស៊ុយអេឡា ប៉ុន្តែទន្ទឹមនឹងនោះ លោក ត្រាំ ក៏បានបញ្ជាក់ផងដែរថា រូបលោកបើកទ្វារចំហជានិច្ច ដើម្បីរង់ចាំការជួបចរចាគ្នាជាមួយវេណេស៊ុយអេឡា៕