(វ៉ាស៊ីនតោន)៖ គំរោងលក់យន្ដហោះចម្បាំងអាមេរិក F-35 ឱ្យប្រទេសតួកគី ទំនងជានឹងមិនផ្លាស់ប្ដូរឡើយ ខណៈសល់ពេលជាង ១ខែកន្លះទៀតសម្រាប់ឱ្យរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក ចេមស៍ ម៉ាត់ទីស (James Mattis) បញ្ជាក់ប្រាប់សភាអាមេរិកពីតម្លៃនៃយុទ្ធសាស្ត្រ ក្នុងការលក់យន្ដហោះចម្បាំងនេះឱ្យទីក្រុងអង់ការ៉ា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការលក់យន្ដហោះចម្បាំងអាមេរិក F-35 ត្រូវបានសមាជិកសភាអាមេរិកជាច្រើនជំទាស់ ហើយពួកគេថែមទាំងអនុម័តច្បាប់ថ្មីមួយ ដែលរារាំងក្នុងការលក់អាវុធឱ្យតួកគីទៀតផង ដោយសារតែការបញ្ជាទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ ក៏ប៉ុន្តែទាំងលោក James Mattis និងរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) រួមទាំងក្រុមហ៊ុនផលិតអាវុធ Lockheed Martin សុទ្ធតែបានបង្ហាញការជំទាស់នឹងការផ្ដាច់កិច្ចសន្យាលក់ F-35 ឱ្យតួកគីដោយសារតែពួកគេមើលមិនឃើញថា មានហេតុផលសមស្របណាមួយ ដើម្បីលុបចោលការលក់អាវុធនេះទេ។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក James Mattis អាចនឹងបញ្ជាក់ប្រាប់សភាអាមេរិកពីតម្លៃនៃយុទ្ធសាស្ត្រក្នុង ការលក់យន្ដហោះចម្បាំង F-35 ឱ្យទីក្រុងអង់ការ៉ា នៅមុនពាក់កណ្ដាលខែវិច្ឆិកាខាងមុខនេះ។ តែយ៉ាងណា F-35 ពីរគ្រឿងក៏ត្រូវបានរំពឹងដែរថា នឹងត្រូវប្រគល់ឱ្យតួកគីនៅរដូវក្ដៅឆ្នាំក្រោយ។ ការលក់ F-35 នេះនៅត្រូវធ្វើឡើងតាមគំរោង ទោះបីជាតួកគីមិនបានបង្ហាញចេតនាថា ព្រមលុបគំរោងទិញ ប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី តាមការព្រមានរបស់អាមេរិកក៏ដោយ៕