(តេហេរ៉ង់)៖ ទីក្រុងតេហេរ៉ង់បានច្រានចោល ការចោទប្រកាន់របស់មេដឹកនាំអ៉ីស្រាអែល គឺលោកនាយករដ្ឋមន្ត្រី ប៊ិនចាមីន ណេតាន់យ៉ាហ៊ូ ថាអ៉ីរ៉ង់មានរោងចក្រ និងឃ្លាំងស្តុកនុយក្លេអ៊ែរសម្ងាត់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ការច្រានចោលខាងលើត្រូវបានធ្វើឡើង ដោយរដ្ឋមន្រ្តីការបរទេសអ៉ឺរ៉ង់ លោក មហាំម៉ាដ ហ្សាវ៉ាដ ហ្សារីហ្វ (Mahammad Javad Zarif) ហើយលោកបានវាយបកទៅវិញថា មានតែអ៉ីស្រាអែលឯណោះទេនៅក្នុងតំបន់ ដែលមានអាវុធនុយក្លេអ៊ែរសម្ងាត់ ដែលលាក់បាក់មិនឲ្យគេឯងដឹងនោះ។ ម៉្យាងវិញការចោទប្រកាន់គ្មានការពិត និងគ្មានន័យបែបនេះ នឹងគ្មានបានផលអ្វីទៅតបស្នងទៅវិញ ក្រៅតែពីត្រូវពិភពលោកសើចចំអកប៉ុណ្ណោះ។
គួរជម្រាបថា ថ្លែងនៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងក្នុងទីក្រុងញយ៉ក) លោកនាយករដ្ឋមន្រ្តីអ៉ីស្រាអែល ណេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីរ៉ង់មានរោងចក្រ និងឃ្លាំងនុយក្លេអ៊ែរសម្ងាត់មួយនៅក្នុងទីក្រុងតេហរ៉ង់។ ប៉ុន្តែទន្ទឹមគ្នានេះ លោកមិនបានបង្ហាញភស្ដុតាងជាក់លាក់ណាមួយ ដើម្បីការពារការលើកឡើងរបស់លោកឡើយ៕