(តូក្យូ)៖ យោធាជប៉ុននៅថ្ងៃសុក្រនេះបានទទួលស្គាល់ហើយថា កងកម្លាំងស្វ័យការពារជប៉ុន ពិតជាបានចូលរួមធ្វើសមយុទ្ធយោធាផ្លូវអាកាស រួមគ្នាជាមួយយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-52 នៅឯតំបន់សមុទ្រចិនខាងកើត និងសមុទ្រជប៉ុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២៨ ខែកញ្ញា ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃសុក្រនេះ យោធាជប៉ុនបានបញ្ជាក់យ៉ាងដូច្នេះថា «កងកម្លាំងស្វ័យការពារជប៉ុន និងកងទ័ពអាកាសអាមេរិកបានដឹកនាំការធ្វើសមយុទ្ធយោធារួមគ្នា នៅឯតំបន់សមុទ្រចិនខាងកើត និងសមុទ្រជប៉ុន... ហើយសមយុទ្ធទ្វេភាគីនេះ នឹងជួយពង្រឹងទំនាក់ទំនងរវាងជប៉ុន និងសហរដ្ឋអាមេរិកឲ្យកាន់តែរឹងមាំឡើង ព្រមទាំងសមត្ថភាពឆ្លើយតប និងយុទ្ធសាស្ត្រទប់ទល់ជាមួយសត្រូវផងដែរ»។
គួរបញ្ជាក់ថា បើតាមសេចក្ដីថ្លែងការណ៍ខាងលើ សមយុទ្ធយោធារវាងជប៉ុន និងសហរដ្ឋអាមេរិក ត្រូវបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ដោយមានការចូលរួមសំណាក់យន្ដហោះចម្បាំង F-15 ចំនួន ១៤គ្រឿង និង F-2 ០២គ្រឿងមកពីកងកម្លាំងស្វ័យការពារជប៉ុន និងយន្ដហោះទម្លាក់គ្រាប់បែកអាមេរិក B-52 ០១គ្រឿងមកពីកោះហ្គាំ ដែលដំបូងឡើងត្រូវបានសារព័ត៌មានខ្លះអាងថា ០៤គ្រឿង។
ម្យ៉ាងវិញទៀតនេះគឺជាលើកដំបូងហើយ ដែលជប៉ុនចូលរួមធ្វើសមយុទ្ធជាមួយសហរដ្ឋអាមេរិកនៅឯតំបន់សមុទ្រចិនខាងកើត ជាទីដែលជប៉ុន និងចិនកំពុងមានជម្លោះដែនទឹកនឹងគ្នា៕