(ពិភពលោក)៖ «អឺរ៉ុបចាំបាច់ត្រូវផ្សាភ្ជាប់ទំនាក់ទំនង ក្នុងគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្សែក្រវ៉ាត់មួយ ផ្លូវមួយ ដែលដឹកនាំដោយរដ្ឋាភិបាលក្រុង ប៉េកាំង ដោយសារតែវិសាលភាព និងឥទ្ធិពលយ៉ាងខ្លាំងសម្បើមនៃគម្រោងដ៏ធំនេះ»។ នេះជាការលើកឡើងរបស់លោកស្រី Michael Clauss ឯកអគ្គរដ្ឋទូតអាឡឺម៉ង់ប្រចាំប្រទេសចិន។
លោកស្រីបន្តថា មិនតែប៉ុណ្ណោះយើងគួរតែលើកគម្រោងនេះមកកាន់តុពិភាក្សា ដោយសារចំណុចពិសេសនៃគម្រោងនេះ ផ្ដោតសំខាន់ទៅលើបរិបទក្នុងតំបន់ និងតម្លាភាព។
«គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» កំពុងមានឥទ្ធិពលយ៉ាងខ្លាំង ខណៈដែលការវិនិយោគ និងការទំនាក់ទំនងរវាងចិនជាមួយបណ្ដាប្រទេស ដែលស្ថិតក្នុងគម្រោងក៏កាន់តែប្រសើរឡើង ប៉ុន្តែជាអកុសល្យគម្រោងនេះហាក់បែរដូចជា មានភាពដាច់ឆ្ងាយពីតំបន់អភិវឌ្ឍន៍នៃអឺរ៉ុប និងសហរដ្ឋអាមេរិកទៅវិញ។
គម្រោងខាងលើនេះ ត្រូវបានផ្គត់ផ្គង់ដោយរូបិយវត្ថុបម្រុងបរទេស និងសហគ្រាសក្រោមការគ្រប់គ្រងរបស់រដ្ឋ ដែលមានតម្លៃជាទឹកប្រាក់រហូត ៣លានលានដុល្លារ។ ជាមួយគ្នានេះផងដែរនោះ ផ្លូវជំនួញសូត្រថ្មី ក៏បានឆ្លុះបញ្ចាំងពីមហិច្ឆតាភូមិសាស្ត្រនយោបាយ របស់រដ្ឋាភិបាលក្រុងប៉េកាំងផងដែរ។ វាបង្ហាញពីយុទ្ធសាស្ត្រនៃមេដឹកនាំចិន ចង់គ្រប់គ្រងលើតំបន់ដ៏ធំមួយ ដែលមានទំហំស្មើជាងពាក់កណ្តាល នៃពិភពលោកទាំងមូល។
ខ្សែក្រវ៉ាត់ និងផ្លូវថ្នល់គឺជាភ័ស្តុតាងបន្ថែមទៀតដែលបង្ហាញថា ប្រទេសចិនមានបំណងព្យាយាមពង្រីកសកលភាវូបនីយកម្ម ដែលជាសញ្ញានៃការអភិវឌ្ឍដ៏វិជ្ជមានមួយ។ យ៉ាងនេះក្តី ទម្រង់សកលភាវូបនីយកម្មថ្មីរបស់ចិននេះ មិនដូចជាសកលភាវូបនីយកម្ម ដែលយើងធ្លាប់ជួបកន្លងមកនោះទេ។ សម្រាប់ទ្វីបអឺរ៉ុប សកលភាវូបនីយកម្មត្រូវបានបើកចំហ ទីផ្សារ ត្រូវផ្អែកលើ និងអនុវត្តន៍ដោយអនុឡោមតាមសន្ធិសញ្ញា ដែលត្រូវបានចរចារ និងអនុវត្តន៍ដោយគ្រប់ភាគីទាំងស្មើភាពគ្នា ដោយធានាបាននូវលំហូរនៃទំនិញ សេវាកម្ម ព័ត៌មាន និងគំនិតមតិយោបល់ដោយសេរី។
* ចំណែកសកលភាវូបនីយកម្មរបស់ចិន មានន័យយ៉ាងដូចម្តេច?
ជាប្រព័ន្ធមួយដែលរដ្ឋាភិបាលក្រុង ប៉េកាំង គ្រប់គ្រងគ្រប់ច្រកដើរទាំងអស់ ជាមួយនឹងទម្រង់ថ្មីមានលក្ខណៈមិនផ្លូវការ ដឹកនាំដោយប្រទេសចិន ដោយលុបបំបាត់សន្ធិសញ្ញាផ្លូវការ។
* តើគម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយ មានអត្ថន័យយ៉ាងណាចំពោះសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន?
ខណៈដែលប្រទេសចិនប្រកាសអំពី «គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» ដែលជាការបោះជំហានឆ្ពោះផ្លាស់ប្តូរ ឆ្ពោះទៅរកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចសកលនោះ ភាពរីកចម្រើននៃគម្រោងនេះ ក្លាយជាសញ្ញាក្រើនរំឮកដល់សហរដ្ឋអាមេរិក ឱ្យប្រុងប្រយ័ត្នជាប់ជានិច្ចចំពោះការកើនឡើងយ៉ាងសម្បើម នូវឥទ្ធិពលរបស់ចិនក្នុងតំបន់។
យុទ្ធសាស្រ្តនេះ មិនត្រឹមតែជួយរុញច្រានកំណើនសេដ្ឋកិច្ចប្រទេសចិនប៉ុណ្ណោះទេ តែវាក៏ជាបានក្លាយជាឧបសគ្គរារាំងដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួនដែលគ្មានវត្តមានចិនផងដែរ ដែលក្នុងនោះមានដូចជាកិច្ចព្រមព្រៀងភាពជាដៃគូអន្តរប៉ាស៊ីហ្វិកជាដើម។ ជាងនេះទៅទៀតនោះ មិនថាសហរដ្ឋអាមេរិក ឬសម្ព័ន្ធមិត្តអាមេរិកនៅតំបន់អាស៊ី ព្រមទាំងប្រទេសជប៉ុនជាដើម សុទ្ធតែមិនអាចក្លាយជាសមាជិក នៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ីហៅកាត់ថា AIIB ដែលដឹកនំាប្រទេសចិនឡើយ។ មិនតែប៉ុណ្ណោះ សូម្បីតែថ្នាក់ដឹកនាំនៃបណ្ដាប្រទេសទាំងនោះ ក៏គ្មានមុខចូលរួមក្នុងកិច្ចប្រជុំកំពូលនេះ ដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខនេះផងដែរ។
* តើផ្លូវសូត្រថ្មីរបស់ប្រទេសចិនមានអត្ថន័យដូចម្តេចសម្រាប់អឺរ៉ុប និងរុស្ស៊ី?
បណ្តាប្រទេសអឺរ៉ុបជាច្រើនបានបង្ហាញការស្វាគមន៍ ចំពោះគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់រដ្ឋាភិបាលចិន ដោយសង្ឃឹមថាគម្រោងនេះជួយទាក់ទាញវិនិយោគិន និងការអភិវឌ្ឍក្នុងតំបន់បន្ថែមទៀត។ យ៉ាងនេះក្តី មជ្ឈដ្ឋានខ្លះនៅតែបន្តស្ទាក់ស្ទើរ អំពីឥទ្ធិពល និងការរីកលូតលាស់របស់រដ្ឋាភិបាលក្រុងប៉េកាំង នៅអឺរ៉ុប។
ដោយឡែកបណ្ដាប្រទេសខ្លះទៀតនៅអឺរ៉ុប ដូចជាចក្រភពអង់គ្លេសបានបង្ហាញនូវឆន្ទៈ ចូលរួមក្នុងស្ថាប័នក្រោមការដឹកនាំដោយរដ្ឋាភិបាលចិន ដូចជាគម្រោងធនាគារ AIIB ជាដើម បើទោះបីស្ថាប័នទាំងនោះ បានបដិសេធវត្តមានសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺសហរដ្ឋអាមេរិកក្ដី។
សម្រាប់ប្រទេសរុស្ស៊ី គម្រោងផ្លូវសូត្របានដើរតួនាទីក្នុងការផ្ដល់នូវផលប្រយោជន៍ដល់ទាំងប្រទេសចិន និងរុស្ស៊ី ដោយគម្រោងនេះបានជំរុញអោយទំនាក់ទំនង រវាងនៃមហាអំណាចទាំងពីរ កាន់តែមានភាពស្អិតល្មួត តាមរយៈការវិនិយោគ និងដំណើរការគម្រោងរួមគ្នា។ កុំភ្លេចថា ភាគច្រើននៃគម្រោងរបស់រដ្ឋាភិបាលចិន បានពឹងផ្អែកយ៉ាងខ្លាំងលើកិច្ចសហប្រតិបត្តិការ និងការចូលរួមរបស់រុស្ស៊ី នោះក៏ដោយសារតែរុស្ស៊ី ធ្លាប់មានឥទ្ធិពលយ៉ាងខ្លាំងក្លានៅក្នុងតំបន់អាស៊ីកណ្តាល នាសម័យប្រវត្តិសាស្ត្រ។
ជាងនេះទៅទៀតនោះ គម្រោងនេះទទួលបានសន្ទុះកាន់តែខ្លាំង ដែលជាលទ្ធផលនៃការធ្លាក់ចុះឥទ្ធិពលរបស់អាមេរិក នៅក្នុងតំបន់អាស៊ីបូព៌ា បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀង នៃភាពជាដៃគូអន្តរប៉ាស៊ីហ្វិក។ គម្រោងខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ចិន កំពុងពង្រីកវិសាលភាព និងឥទ្ធិពលដ៏ខ្លាំងក្លា ដូច្នេះការមើលងាយចំពោះឥទ្ធិពល នៃគម្រោងខាងលើនេះ គឺជាកំហុសឆ្គងយុទ្ធសាស្ត្រមួយ ដែលអឺរ៉ុប និងអាមេរិកមិនអាចព្រងើយកន្តើយបានឡើយ៕
បកប្រែ និងសម្រួលដោយ៖ អ៊ឹត ចណ្ណា