(តែលអាវីវ)៖ វិទ្យុយោធា​អ៉ីស្រាអែល ហ្គាឡៃ ត្សាហល (Galei Tzahal) បាន​រាយការណ៍ថា កងទ័ពអាកាស​អ៊ីស្រាអែលនឹងបង្កើន​ការប្រើប្រាស់ យន្ដហោះចម្បាំង​បំបាំង​កាយ​​អាមេរិក F-35 នៅក្នុងប្រតិបត្តិការ​វាយឆ្មក់​តាមផ្លូវអាកាស​ ប្រឆាំងនឹង​កងជីវពលគំាទ្រ​ដោយអ៊ីរ៉ង់ នៅក្នុងប្រទេស​ស៊ីរី បើទោះជាប្រព័ន្ធមីស៊ីល​ការពារដែនអាកាស​រុស្ស៊ី S-300 បានបញ្ជូន​ទៅដល់ដៃកងទ័ពអាកាស​ស៊ីរីក៏ដោយ។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។

នៅក្នុងកម្មវិធី​ផ្សាយរបស់ខ្លួននៅ​ថ្ងៃពុធសប្ដាហ៍នេះ ប៉ុន្មានម៉ោង​ក្រោយ S-300 ត្រូវបានបញ្ជូន​ទៅដល់ទឹកដីស៊ីរី វិទ្យុយោធា​អ៉ីស្រាអែល Galei Tzahal បាននិយាយថា ប្រព័ន្ធមីស៊ីលនេះ​នឹងបង្កភាពស្មុគស្មាញ​ ដល់បេសកកម្ម​របស់យន្ដហោះ​ចម្បាំង
អ៉ីស្រាអែល F-15s និង F-16s នៅក្នុងប្រទេស​ស៊ីរី។ ដូច្នេះដើម្បី​ការពារការគំរាមកំហែង​ដល់ពីឡុតរបស់យើង កងទ័ពអាកាស​អ៊ីស្រាអែល នឹងបង្កើនការ​ប្រើប្រាស់យន្ដហោះចម្បាំង F​-35 ជំនួសវិញ។

គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មាន​ឆ្នាំចុងក្រោយនេះ អ៉ីស្រាអែល​បានបញ្ជាទិញយន្ដចម្បំាង​ថ្លៃជាងគេនៅលើ​ពិភពលោក F​-35 ក្រុមហ៊ុនផលិត​អាវុធអាមេរិក Lockheed Martin ៥០គ្រឿង ដែលក្នុងមួយគ្រឿង​មានតម្លៃ ១២៥លានដលា្លរ ហើយក្នុង​នោះមាន ០៨គ្រឿង​បានបញ្ជូនដល់​អ៉ីស្រាអែល ខណៈសល់ ៣០គ្រឿង បន្ថែមទៀតនឹង​ត្រូវប្រគល់នៅ​ឆ្នាំ២០២១៕