(ហាណូយ)៖ បន្ទាប់ពីការទទួលមរណភាពរបស់លោក ត្រាន តៃហ្គ័ង (Tran Dai Quang) នៅទីបំផុតអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក ង្វៀន ភូត្រុង (Nguyen Phu Trong) ត្រូវបានគណកម្មាធិការមជ្ឈិមបក្សនេះ បោះឆ្នោតគាំទ្រឲ្យក្លាយជាបេក្ខភាពមួយរូប ដើម្បីកាន់តំណែងជាប្រធានាធិបតីថ្មី របស់ប្រទេសអាស៊ានមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន VN Express នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
បច្ចុប្បន្នអនុប្រធានាធិបតីវៀតណាម លោកស្រី ដាង ធី ង៉ុក ទិញ (Dang Thi Ngoc Thinh) កំពុងកាន់តំណែងជាប្រធានាធិបតីស្ដីទីវៀតណាម បន្ទាប់អតីតប្រធានាធិបតី លោក Tran Dai Quang ទទួលមរណភាពកាលពីថ្ងៃទី២១ ខែកញ្ញា ដោយសារជំងឺធ្ងន់ធ្ងរ។ មួយវិញទៀតនេះគឺជាលើកដំបូងបំផុត ដែលអគ្គលេខាធិបក្សកុម្មុយនិស្ដវៀតណាមមួយរូប ត្រូវបានគណកម្មាធិការមជ្ឈិមបក្ស ជ្រើសរើសជាបេក្ខភាពប្រធានាធិបតីថ្មី ដែលនឹងត្រូវបោះឆ្នោតគំាទ្រដោយសភាជាតិ នៅក្នុងសម័យប្រជុំនៅចន្លោះថ្ងៃទី២១ និងថ្ងៃទី១៩ ខែវិច្ឆិកា ខាងមុខនេះ ខណៈគ្មានបេក្ខភាពផ្សេងទៀតត្រូវបានជ្រើសរើសឡើយ។
គួរបញ្ជាក់ថា លោក Nguyen Phu Trong កើតនៅឆ្នាំ១៩៤៤ ក្នុងទីក្រុងហាណូយ ហើយលោកត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សទីក្រុងហាណូយ ពីចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៦ មុននឹងឡើងកាន់តំណែងជាអគ្គលេខាបក្សកុម្មុយនិស្ដវៀតណាម ក្នុងឆ្នាំ២០១១ និងទើបជាប់ឆ្នោតជាថ្មីកាលពីឆ្នាំ២០១៦៕