(ម៉ូស្គូ)៖ រដ្ឋមន្រ្តីថាមពលរុស្ស៉ីលោក អាឡិចហ្សង់ដឺ ណូវ៉ាក (Alexander Novak) បានលើកឡើងថា ភាពស្រពិចស្រពិលក្នុងទីផ្សារប្រេង ដែលបង្កឡើងពីទណ្ឌកម្មអាមេរិកប្រឆាំងនឹងប្រទេសអ៉ីរ៉ង់ កំពុងធ្វើឲ្យតម្លៃប្រេងក្នុងមួយបារ៉ែលកើនឡើងពី ០៥ដុល្លារ ទៅ ០៧ដុល្លារបន្ថែមទៀត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែតុលា ឆ្នាំ២០១៨។
កាលពីថ្ងៃទី០៨ ខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានប្រកាសពីការដកខ្លួនរបស់សហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៉ីរ៉ង់ និងការដាក់ទណ្ឌកម្មដែលបានបន្ធូរបន្ថយលើទីក្រុងតេហេរ៉ង់ឡើងវិញ ដោយក្នុងនោះមានទាំងទណ្ឌកម្ម ដែលប្រឆាំងនឹងប្រទេសនានា ដែលធ្វើការរកស៉ីជាមួយអ៉ីរ៉ង់ថែមទៀត។
គួរជម្រាបថា នាដើមសប្តាហ៍នេះអ៉ីរ៉ង់ក៏បានលើកឡើងដែរថា ទណ្ឌកម្មអាមេរិកនាពេលថ្មីៗនេះ ប្រឆាំងរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ នឹងបង្កការប៉ះពាល់ធ្ងន់ធ្ងរទៅលើតម្លៃប្រេងសកល និងតំបន់មជ្ឈិមបូព៌ាទាំងមូល។ សម្រាប់កញ្ចប់ទណ្ឌកម្មជុំទីមួយរបស់អាមេរិកប្រឆាំងនឹងអ៉ីរ៉ង់ ត្រូវបានដាក់ចេញពីខែសីហាកន្លងទៅ ខណៈកញ្ចប់ទណ្ឌកម្មជុំទីពីរ ដែលមានគោលដៅលើប្រេង និងវិស័យធនាគារអ៉ីរ៉ង់ នឹងប្រព្រឹត្តទៅនាដើមខែវិច្ឆិកាខាងមុខ៕