(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិកជាច្រើននាក់បាននិយាយថា កងនាវាអាមេរិកនឹងធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំមួយ តាមរយៈការបន្តបញ្ជូននាវាពិឃាត និងយន្ដហោះចម្បាំងទៅកាន់តំបន់សមុទ្រចិនខាងត្បូង ជាពិសេសគឺទៅក្បែរតំបន់ដែនទឹកដែលចិនអះអាងថា ជាកម្មសិទ្ធិរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
ថ្លែងប្រាប់ CNN នៅសប្ដាហ៍នេះ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ក្រុមយោធាអាមេរិកក៏បានបញ្ជាក់ទៀតថា ការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំនេះអាចនឹងត្រូវធ្វើឡើងនៅខែវិច្ឆិកាខាងមុខ ក្នុងគោលបំណងបញ្ជូនសារមួយទៅកាន់ទីក្រុងប៉េកាំងថា សហរដ្ឋអាមេរិក នឹងមិនអនុញាតឱ្យទីក្រុងប៉េកាំងធ្វើអ្វីតាមតែទំនើងចិត្តរបស់ខ្លួន ឬក៏ប្រើប្រាស់អំណាចក្នុងនាមជាមហាអំណាច ទៅគំរាមកំហែងប្រទេសតូចៗ ដែលជាភាគីជម្លោះក្នុងតំបន់សមុទ្រចិនខាងត្បូងនោះឡើយ។
លើសពីនេះទៅទៀត សហរដ្ឋអាមេរិកក៏នឹងបន្តដឹកនាំផងដែរការហោះហើរ ឬការធ្វើនាវាចរទៅគ្រប់ទីកន្លែងទាំងអស់ ដែលច្បាប់អន្តរជាតិអនុញាត និងជាផលប្រយោជន៍របស់សហរដ្ឋអាមេរិក ដើម្បីលើកកម្ពស់សេរីភាពនាវាចរ។
គួរបញ្ជាក់ថា ការលើកឡើងរបស់មន្ត្រីយោធាអាមេរិកខាងលើ បានកើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីមានសេចក្ដីរាយការណ៍មួយកាលពីថ្ងៃអាទិត្យថា ចិនបានបញ្ជូននាវាពិឃាតមួយគ្រឿង ទៅបណ្ដេញនាវាពិឃាតអាមេរិក USS Decatur ឱ្យចេញឆ្ងាយពីតំបន់ដែនទឹកជម្លោះ ក្នុងតំបន់សមុទ្រចិនខាងត្បូង។
ចំណែកឯកងនាវាអាមេរិកបានចោទប្រកាន់ថា ទង្វើរបស់នាវាពិឃាតចិន គឺជាសកម្មភាពបង្កគ្រោះថ្នាក់ និងគ្មានវិជ្ជាជីវៈ ខណៈទីក្រុងប៉េកំាងចាត់ទុកថា វត្តមាននាវាពិឃាតអាមេរិកនៅក្នុងតំបន់ជម្លោះគឺជា ចេតនាបង្ករឿង និងធ្វើឱ្យភាពតានតឹងកាន់តែឡើងកំដៅនៅក្នុងតំបន់៕