(វ៉ាស៉ីនតោន)៖ ក្រសួងយុត្តិធម៌​អាមេរិក បានប្រកាសពីបទចោទ​ប្រកាន់ទៅលើ​​ជនជាតិរុស្ស៉ី ០៧នាក់ ពាក់ព័ន្ធការវាយប្រហារ​​ផ្នែក​ព័ត៌​មានវិទ្យា (Hack) និងចែកចាយ​ព័ត៌មាន​មិនពិត។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញ​ពីទីភ្នាក់ងារព័ត៌មាន​ចិន ស៉ីនហួរ នៅរសៀល​ថ្ងៃ​សុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។

បើតាមសេចក្តីថ្លែងការណ៍​របស់ក្រសួងយុត្តិធម៌​អាមេរិក​បានឲ្យដឹងថា ជនត្រូវចោទ​ទាំងនោះ ដែលសុទ្ធតែជា​មន្រ្តី​ចារកម្មរបស់រុស្ស៉ី បានប្រព្រឹត្តសកម្មភាព​វាយលុក​តាមផ្នែកព័ត៌មានវិទ្យា​​លើប្រព័ន្ធកុំព្យូទ័រ លួចបន្លំ​អត្តសញ្ញាណ ឆបោកលុយតាម​អ៉ីនធីណែត និងលាង​លុយ​​កខ្វក់ជាដើម។ ក្រៅពីនេះ​ជនទាំង ០៤រូប ខាងលើ​ក៏រងការចោទ​ប្រកាន់ថា បាន​ធ្វើទង្វើ​​សងសឹកទៅលើ​ក្រុមមន្រ្តីអន្តរជាតិ ​ប្រឆាំង​ការ​ប្រើ​ថ្នាំ​ជំនួយកម្លាំង ដែលបាន​បកអាក្រាត​ពីការប្រើថ្នាំ​ជំនួយកម្លាំង​ របស់​ក្រុមអត្តពលិក​រុស្ស៉ីផងដែរ តាមរយៈការ​ចែក​វាយ​ព័ត៌មាន​​មិនល្អ​ពីមន្រ្តី​ទាំងនេះ។

គួរជម្រាបថា យ៉ាងណាមិញ​ជនត្រូវចោទទាំងអស់​ សុទ្ធមានលំនៅឋានក្នុង​ប្រទេសរុស្ស៉ី ដូច្នេះហើយវា​មានលទ្ធភាពតិចតួច​ប៉ុណ្ណោះ ដែលថា​សហរដ្ឋអាមេរិក នឹងមានឱកាស​ចាប់ខ្លួនក្រុមជន​ទាំងនោះ៕