(ញូដេលី)៖ នៅទីបំផុតប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានចុះហត្ថលេខាជាផ្លូវការហើយ លើកិច្ចព្រមព្រៀងលក់ប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 មានតម្លៃ ៥.៤ពាន់លានដុល្លារឱ្យទីក្រុងញូដេលី បើទោះជាមានការគំរាមដាក់ទណ្ឌកម្ម ពីសហរដ្ឋអាមេរិកក៏ដោយ។ នេះបើតាម Economic Times ដកស្រង់ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៥ ខែតុលា ឆ្នាំ២០១៨។
យោងតាមសារព័ត៌មានឥណ្ឌា Economic Times ការហត្ថលេខាខាងលើធ្វើឡើង នៅក្នុងជំនួបទ្វេភាគីប្រចាំឆ្នាំរវាងលោក ពូទីន និងលោក Modi ក្នុងទីក្រុងញូដេលី។ បន្ថែមពីលើនេះ Economic Times ប្រព័ន្ធមីស៉ីល S-400 ចំនួន ០៥គ្រឿងនឹងត្រូវចាប់ផ្ដើមដឹកជញ្ជូនឱ្យឥណ្ឌានៅខែតុលា ឆ្នាំ២០២០។
ប៉ុន្តែជុំវិញកិច្ចព្រមព្រៀងលក់ S-400 នេះដែរ សហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងដាក់ទណ្ឌកម្មប្រឆាំងនឹងឥណ្ឌា ក្រោម (CAATSA) ដែលមានគោលដៅដាក់ទណ្ឌកម្មលើប្រទេសទាំងឡាយណា ដែលទិញអាវុធពីរុស្ស៊ី ខណៈចិន និងតួកគី រួមទាំង
ឥណ្ឌូណេស៉ី ក៏ត្រូវបានគេរំពឹងដែរថា អាចនឹងទទួលរងទណ្ឌកម្មពីទីក្រុងវ៉ាស៊ីនតោន។
តែទោះជាយ៉ាងនេះក្ដី រដ្ឋមន្ត្រីការពារជាតិឥណ្ឌា លោកស្រី ណឺម៉ាឡា ស៊ីថារ៉ាមែន (Nirmala Sitharaman) ធ្លាប់បានបញ្ជាក់កាលពីថ្ងៃទី១៣ ខែកក្កដាថា ឥណ្ឌាត្រូវតែទិញ S-400 ពីរុស្ស៊ីហើយថាច្បាប់ CAATSA គឺគ្រាន់តែច្បាប់របស់សហរដ្ឋអាមេរិកប៉ុណ្ណោះ មិនមែនជាច្បាប់របស់អង្គការសហប្រជាជាតិនោះទេ៕