(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ទើបតែបានបញ្ជាក់ថា ជំនួបកំពូលជាលើកទីពីររវាងលោក និងប្រមុខដឹកនាំកំពូលកូរ៉េខាងជើងលោក គីម ជុងអ៊ុន នឹងកើតឡើងនៅក្រោយការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ នាដើមខែវិច្ឆិកាខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី១០ ខែតុលា ឆ្នាំ២០១៨។
ខណៈដែលលោក ដូណាល់ ត្រាំ កំពុងតែព្យាយាមស្វះស្វែងរកការគាំទ្រពីបណ្តារដ្ឋនានា ដោយសារតែការបោះឆ្នោតសភាពាក់កណ្តាលអាណត្តិ ជិតដល់មែនទែននោះ លោកនៅតែឆ្លៀតបង្ហើបប្រាប់រឿងសំខាន់ ដែលពិភពលោកកំពុងតាមដានយ៉ាងជក់ចិត្ត នោះគឺលទ្ធភាពនៃការរៀបចំជំនួបកំពូល ត្រាំ-គីម ជាលើកទីពីរ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសលោក ម៉ៃក៍ ប៉ុមប៉េអូ បានបញ្ចប់ទស្សនកិច្ចជាលើកទីបីនៅកូរ៉េខាងជើង កាលពីចុងសប្តាហ៍មុន និងប្រកបដោយផ្លែផ្កាថែមទៀត។
គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ មិនទាន់អាចកំណត់អ្វីច្រើនជាងនេះឡើយនាពេលនេះ ដោយសារតែការបោះឆ្នោតពាក់កណ្តាលអាណត្តិ កាន់តែកៀកមែនទែនហើយ គឺនៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែលោកក៏មិនភ្លេចបញ្ជាក់រឿងសំខាន់មួយទៀតដែរ នោះគឺទីតាំងសម្រាប់រៀបចំជំនួបកំពូលលើកទីពីររវាងលោក និងលោក គីម ជុងអ៊ុន ដែលត្រូវបានកំណត់គោលដៅ ១ ក្នុងចំណោម ៣ ទីតាំងល្អៗបំផុត ដែលត្រូវបានជ្រើសរើស ហើយឆាប់ៗនេះនឹងមានការបញ្ជាក់ច្បាស់លាស់៕