(អូស្លូ)៖ កងទ័ពសរុបប្រមាណ ៥០,០០០នាក់មកពី ៣១ប្រទេស នឹងមកចូលរួមក្នុងការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំឈ្មោះថា ត្រាយដិន ចាំងឆឺ (Trident Juncture) ឆ្នាំ២០១៨ របស់អង្គការ NATO នៅក្នុងប្រទេសន័រវែសចាប់ពីថ្ងៃទី២៥ ខែតុលានេះ ដល់ថ្ងៃទី០៧ ខែវិច្ឆិកាខាងមុខ។ នេះបើតាមសេចក្តីប្រកាសរបស់យោធាន័រវែស ដកស្រង់ខ្លឹមសារដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
កងទ័ពមកពីប្រទេសជាសមាជិក NATO ទាំង២៩ រួមជាមួយស៊ុយអែត និងហ្វាំងឡង់ ដែលជាដៃគូ ព្រមទាំងយន្តហោះ១៥០គ្រឿង នាវា៦៥គ្រឿង និងយានជំនិះរហូតដល់១០,០០០គ្រឿង នឹងចូលរួមការធ្វើសមយុទ្ធខាងលើ ដែលនឹងក្លាយជាការចល័តកងទ័ពទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានរបស់ NATO គិតចាប់តាំងតែពីសម័យសង្រ្គាមត្រជាក់មក។
សហរដ្ឋអាមេរិកបានសម្រេចថា នឹងបញ្ជូននាវាដឹកយន្តហោះចម្បាំង USS Harry S. Truman ដែលដើរដោយថាមពលនុយក្លេអ៊ែរ ឲ្យមកចូលរួមសមយុទ្ធនេះ ដែលនឹងប្រព្រឹត្តទៅនៅតំបន់ភាគកណ្តាល និងខាងកើតន័រវែស ព្រមទាំងតំបន់នៅជុំវិញសមុទ្រអាត្លង់ទិកខាងជើង និងសមុទ្របាល់ទិក ដែលរួមបញ្ចូលទាំងអ៉ីស្លង់ និងដែនអាកាសរបស់ហ្វាំងឡង់ក៏ដូចជាស៊ុយអែត។
ជុំវិញការធ្វើសមយុទ្ធ Trident Juncture 2018 យោធាន័រវែសបានលើកឡើងថា ការពង្រឹងសមត្ថភាពការពារជាតិរួមគ្នា បានក្លាយជាចំណុចដ៏សំខាន់សម្រាប់អង្គការ NATO ដោយសារតែការប្រែប្រួលនៃស្ថានការណ៍សន្តិសុខលើពិភពលោក។ លំហាត់យោធានេះ នឹងធានាថាកងកម្លាំង NATO ទទួលបានការហ្វឹកហាត់ និងត្រៀមខ្លួនរួចរាល់ ហើយបង្ហាញពីភាពរឹងមាំ និងសាមគ្គីភាពរបស់ NATO៕