(ម៉ូស្គូ)៖ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក មៃក៍ ប៉ុមប៉េអូ (Mike Pompeo) បានអះអាងថា ប្រទេសស៉ីរីនឹងមិនទទួលបានជំនួយកសាងប្រទេសជាតិឡើងវិញ សូម្បីតែមួយសេនពីសហរដ្ឋអាមេរិកឡើយ បើសិនជាកងកម្លាំងអ៉ីរ៉ង់មិនព្រមដកចេញពីប្រទេសដែលកំពុងញំញីដោយសារសង្រ្គាមមួយនេះទេនោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ថ្លែងនៅឯវិទ្យាស្ថានជនជាតិជ្វីបសម្រាប់សនិ្តសុខជាតិអាមេរិក លោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាកងកម្លាំងអ៉ឺរ៉ង់មិនព្រមដកចេញពីប្រទេសស៉ីរីទេនោះ ស៉ីរីកុំសង្ឃឹមថាទទួលបានជំនួយសូម្បីតែមួយសេន សម្រាប់យកទៅ អភិវឌ្ឍន៍ប្រទេសជាតិឡើងវិញ»។
គួរជម្រាបថា កាលពីសប្ដាហ៍មុនបេសកជនពិសេសអាមេរិកសម្រាប់ស៉ីរី លោក ជីម ចេហ្វហ្វ្រេយ (Jim Jeffrey) ធ្លាប់បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបញ្ឈប់រាល់ការផ្ដល់ជំនួយស្ដារប្រទេសឡើងវិញដល់ស៉ីរី រហូតទាល់តែមានការរីកចំរើនក្នុងការស្វែង រកដំណោះស្រាយនយោបាយ ក្រោមការជ្រោមជ្រែងពីអង្គការសហប្រជាជាតិ។
លើសពីនេះទៅទៀត ទីប្រឹក្សាសន្តិសុខជាតិអាមេរិកក៏បានសង្កត់ធ្ងន់ដែរថា ទីក្រុងវ៉ាស៊ីនតោននឹងមិនដកកងទ័ពជាង ២,០០០នាក់ ចេញពីប្រទេសស៉ីរីឡើយ បើកងកម្លាំងអ៉ីរ៉ង់នៅតែមានវត្តមាននៅក្នុងប្រទេសស៉ីរី៕