(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានសន្យាថានឹងទម្លាយអាថ៌កាំងនៅពីក្រោយការបាត់ខ្លួនរបស់ អ្នកសារព័ត៌មានអារ៉ាប៊ីសាអូឌីតម្នាក់ឈ្មោះ ហ្សាម៉ាល់ ខាសហូកជី (Jamal Khashoggi) នៅក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល ខណៈប្រព័ន្ធផ្សព្វផ្សាយតួកគីរាយការណ៍ថា រូបលោកត្រូវគេបាញ់សម្លាប់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
លោក Jamal Khashoggi ជាពលរដ្ឋអាមេរិក និងជាអ្នករិះគន់ការដឹកនាំនៃរាជ្យវង្សអារ៉ាប៊ីសាអូឌីត បានចូលក្នុងស្ថានកុងស៊ុលអារ៉ាប៊ីសាអូឌីត ប្រចាំទីក្រុងអ៊ីស្ដង់ប៊ូល កាលពីថ្ងៃទី០២ ខែតុលាកន្លងទៅ ដើម្បីទទួលយកឯកសារសម្រាប់គំរោង រៀបអាពាហ៍ពិពិពាហ៍របស់លោកជាមួយស្ត្រីជាជនជាតិតួកគីម្នាក់ឈ្មោះ ហាធីស សិនជីស (Hatice Cengiz)។ ក៏ប៉ុន្តែនាង Hatice ជាគូដណ្ដឹង ដែលចំានៅខាងក្រៅស្ថានកុងស៊ុលបានអះអាងថា លោក Khashoggi មិនបានចេញមកក្រៅវិញនោះទេ។
ដោយឡែកជុំវិញករណីបាត់ខ្លួននេះដែរ លោក ដូណាល់ ត្រាំ បានសន្យាថា នឹងទម្លាយអាថ៌កាំងនៅពីក្រោយការបាត់ខ្លួនរបស់ Khashoggi។ លោក ត្រាំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃពុធសប្ដាហ៍នេះដូច្នេះថា «យើងមិនអាចឱ្យរឿងបែបនេះកើតឡើងលើអ្នកសារព័ត៌មាន និងនរណាម្នាក់នោះទេ... យើងកំពុងស្នើសុំព័ត៌មានលម្អិត ហើយយើងនឹងបានដឹងថា មានអ្វីបានកើតឡើង»។
គួរបញ្ជាក់ថា បើតាមសេតវិមាន រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ ក៏បានពិភាក្សាពីបញ្ហានេះជាមួយ ព្រះអង្គម្ចាស់រាជទាយាតអារ៉ាប៊ីសាអូឌីត ម៉ូហាំម៉េដ ប៊ីន សាល់ម៉ាន់ (Mohammed Bin Salman) ស្របពេលប្រព័ន្ធផ្សព្វផ្សាយតួកគី នាំគ្នាចុះផ្សាយយ៉ាងព្រោងព្រាតថា លោក Khashoggi ត្រូវបានគេបាញ់សម្លាប់នៅក្នុងស្ថានកុងស៊ុល។ ប៉ុន្តែទីក្រុងរីយ៉ាដបានទាត់ចោល ការចោទប្រកាន់នេះ បើទោះជាប្រព័ន្ធផ្សព្វផ្សាយតួកគីបានបង្ហាញវីដេអូសុវត្ថិភាពមួយ ដែលបង្ហាញថា ការបាត់ខ្លួនរបស់ អ្នកសារព័ត៌មានរូបនេះ មានជាប់ពាក់ព័ន្ធនឹងទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិកក៏ដោយ៕