(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្រមាននាថ្ងៃព្រហស្បតិ៍នេះថា នៅមានច្រើនសន្ធឹកសន្ធាប់ទៀត ដែលរូបលោកអាចធ្វើទៅបាន ដើម្បីឲ្យសេដ្ឋកិច្ចរបស់ប្រទេសចិន កាន់តែរងគ្រោះធ្ងន់ធ្ងរ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១១ ខែតុលា ឆ្នាំ២០១៨។
ថ្លែងក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មានអាមេរិក Fox News លោក ត្រាំ បានលើកឡើងយ៉ាងដូច្នេះថា «សេដ្ឋកិច្ចចិនបានធ្លាក់ចុះគួរឲ្យកត់សម្គាល់ ហើយខ្ញុំនៅមានរឿងជាច្រើនទៀតដែលអាចធ្វើបាន ប្រសិនបើខ្ញុំចង់ធ្វើ។ តាមពិតទៅខ្ញុំមិនចង់ប៉ុន្មានឡើយ ប៉ុន្តែពួកគេ (ចិន) ត្រូវតែមកចូលតុចរចាជាមួយគ្នា»។
ជុំវិញបញ្ហាសេដ្ឋកិច្ចក៏ដូចជាពាណិជ្ជកម្មជាមួយប្រទេសចិន លោក ដូណាល់ ត្រាំ ក៏បានទម្លាក់កំហុសទៅលើបណ្តាមេដឹកនាំអាមេរិកពីមុនៗផងដែរ ដែលបានបើកដៃឲ្យចិនអនុវត្តន៍របៀបធ្វើពាណិជ្ជកម្ម ដែលគ្មានសមភាព។ លោក ត្រាំ បាននិយាយថា «ប្រទេសចិនហាក់ដូចជាបានរស់នៅស្រួលយូរពេកហើយ ដោយប្រហែលជាពួកគេយល់ថា អាមេរិកគឺជាមនុស្សល្ងង់ ប៉ុន្តែមិនដូច្នោះឡើយ ពីព្រោះថាពួកយើងបានស្ថិតក្រោមការដឹកនាំមិនល្អនៅក្នុងវិស័យពាណិជ្ជកម្ម។
គួរជម្រាបថា លោក ត្រាំ កាលពីខែមុន បានបង្កើនពន្ធទៅលើទំនិញនាំចូលចិន ដែលមានទំហំជិត២០០ពាន់លានដុល្លារ និងបានគំរាមដំឡើងពន្ធបន្ថែមទៀត ប្រសិនបើចិនហ៊ានតដៃ។ ទោះជាបែបនេះក្តី ដោយមិនបង្អង់យូរ ទីក្រុងប៉េកាំង ក៏បានវាយបកមកវិញភ្លាមៗ តាមរយៈការបង្កើនពន្ធលើផលិតផលនាំចូលពីអាមេរិក ក្នុងទំហំប្រមាណ៦០ពាន់លានដុល្លារ។ ភាពកាន់តែតានតឹងឥតស្រាកស្រាន្តនៃសង្រ្គាមពាណិជ្ជកម្មរវាងមហាអំណាចសេដ្ឋកិច្ចពិភពលោកទាំងពីរនេះ ក៏បានប៉ះពាល់ដល់ការព្យាករកំណើនសេដ្ឋកិច្ចពិភពលោករបស់មូលនិធិរូបិយវត្ថុអន្ដរជាតិ (IMF) សម្រាប់ឆ្នាំ២០១៨និង២០១៩ថែមទៀតផង៕